អង្គការអុកស្វាម បង្កើតយុទ្ធនាការ “កិច្ចគាំពារមាតុភាព” ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈម និងតម្រូវការរបស់កម្មការិនី ក្នុងកិច្ចគាំពារមាតុភាព
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១ --ដើម្បីបង្កើនការយកចិត្តទុកដាក់ទៅដល់កម្មការិនីនៅតាមវិស័យនានា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជារឿយៗពុំទាន់ត្រូវបានគេគិតគូរពេញលេញនៅឡើយ ទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៥ នាឆ្នាំនេះ អង្គការអុកស្វាម (Oxfam) និងដៃគូនៅកម្ពុជា ឡាវ និងវៀតណាម បានរួមគ្នារៀបចំយុទ្ធនាការ “កិច្ចគាំពារមាតុភាព” មួយក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងដោះស្រាយល រាល់បញ្ហាប្រឈម របស់កម្មការិនីនៅក្នុងវិស័យនេះ ដើម្បីទទួលបានកិច្ចគាំពារមាតុភាពពេញលេញ និង សមស្រប។ យុទ្ធនាការនេះ មានរយៈពេល២ខែ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈម និងតម្រូវការរបស់កម្មការិនី ក្នុងការទទួលបានអត្ថប្រយោជន៍កិច្ចគាំពារមាតុភាព។
តាមរយៈយុទ្ធនាការនេះ អង្គការអុកស្វាម និងដៃគូមានគោលបំណងជាក់លាក់ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសក្នុងកម្រិតអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ អំពីតម្រូវការបន្ទាន់ដែលមាននៅក្នុងបទប្បញ្ញត្តិស្តីពី កិច្ចគាំពារមាតុភាពសម្រាប់កម្មការិនី និងស្រ្តីជានយោជិកទាំងអស់ ជាពិសេសនោះគឺស្រ្តីកម្មករក្រៅប្រព័ន្ធ។
លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមបានលើកឡើងថា “កិច្ចគាំពារមាតុភាព គឺជាសិទ្ធិមូលដ្ឋាន និងសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ ហើយកិច្ចគាំពារនេះ គឺជាការចាំបាច់ណាស់ ក្នុងការសម្រេច បាននូវសមភាព យេនឌ័រ សុខុមាលភាព និងសុខភាពរបស់ម្តាយ និងកូន ក៏ដូចជាក្នុងការទទួលបានឱកាស និងភាពស្មើគ្នា ក្នុងវិស័យការងាររវាងស្រ្តី និងបុរស ក៏ដូចជាពលរដ្ឋក្នុងក្រុមផ្សេងៗផងដែរ”។
របាយការណ៍របស់ធនាគារពិភពលោក ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីដែលស្ថិតនៅក្នុង វ័យសកម្មក្នុងការ ពរពោះនៅចន្លោះពីអាយុ ២៥ឆ្នាំ ដល់៣៤ឆ្នាំ ហាក់មានចំនួនច្រើនលើសលប់នៅក្នុងចំណោមអ្នកមានជីវភាព ខ្វះខាត។ សម្រាប់ប្រទេសកម្ពុជា ស្ត្រីចំណាយពេលជាមធ្យម ៣,៥ ម៉ោង ច្រើនជាងបុរសទៅលើការមើល ថែកូនដោយមិនទទួលបានប្រាក់ចំណូល និងការងារផ្ទះ សូម្បីតែអំឡុងមានផ្ទៃពោះ និងមាតុភាពក៏ដោយ ហើយជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩តែម្តង។ នេះអាចបញ្ជាក់បានថា ស្រ្តីមានពេលវេលា មិនគ្រប់គ្រាន់ក្នុងការធ្វើការក្នុងប្រព័ន្ធ និងរកប្រាក់ចំណូល និងពុំមានឱកាសសម្រាប់ពង្រឹងសមត្ថភាព ពុំមានលទ្ធភាពសន្សំប្រាក់បានគ្រប់គ្រាន់ និងមិនមានលទ្ធភាពបង់វិភាគទានទៅក្នុងរបបសន្តិសុខសង្គម។ ទន្ទឹមនេះ ស្រ្តីក៏ងាយរងគ្រោះខ្លាំង ប្រឈមនឹងភាពក្រីក្រ និងជំងឺផ្សេងៗទាំងខ្លួនឯង និងកូនៗ។ ដូច្នេះ យើងត្រូវតែធានាថា ច្បាប់ គោលនយោបាយ និងនីតិវិធី មួយផ្នែកដែលអាចការពារកម្មការនី និងនិយោជិក ស្ត្រីទាំងអស់ តាមរយៈការបញ្ចូលការងាររបស់ពួកគេជាប្រព័ន្ធ និងតាមរយៈការផ្តល់ការគាំពារ ព្រមទាំង អត្ថប្រយោជន៍ក្នុងអំឡុងពេលមានផ្ទៃពោះ និងសម្រាកមាតុភាព។
យោងតាមរបាយការណ៍របស់អង្គការអុកស្វាម ដែលនឹងចេញផ្សាយនាពេលឆាប់ៗនេះ បានឱ្យដឹងថា ច្បាប់ខ្លះ មិនទាន់បានយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារមាតុភាពឱ្យបានប្រសើរ សម្រាប់កម្មការនី និងនិយោកជិក ស្ត្រីទាំងអស់នៅឡើយ។ ជាក់ស្តែង ច្បាប់ការងាររបស់កម្ពុជា នៅពុំទាន់បានបញ្ចូលកម្មការនីក្រៅប្រព័ន្ធក្នុងការ ទទួលបានកិច្ចគាំពារសង្គមណាមួយនៅឡើយនោះទេ។ ដើម្បីទទួលបានអត្ថប្រយោជន៍កិច្ចគាំពារមាតុភាព ពេញលេញ កម្មការិនីត្រូវមានការងារជាលក្ខណៈប្រព័ន្ធ ហើយត្រូវបង្ហាញថា ពួកគេបានបំពេញគោលការណ៍តម្រូវអប្បបរមា ដើម្បីទទួលបានការធានារ៉ាប់រង សន្តិសុខសង្គម ឬគម្រោងជំនួយសង្គមជាវិភាគទាន។
លោកស្រី លឹម សូលីន បានបញ្ជាក់ថា កម្មការិនី និងនិយោជិក ស្ត្រីកម្មករក្រៅប្រព័ន្ធភាគច្រើន មិនអាចបំពេញតាមគោលការណ៍តម្រូវទាំងនេះបាននោះទេ ដោយសារពួកគេពុំមានការរៀបចំការងារជាប្រព័ន្ធ ណាមួយច្បាស់លាស់ ហើយកាលវិភាគការងាររបស់ពួកគេពុំមានភាពទៀងទាត់ ដើម្បីអាចចូលរួមចំណែក ដល់ការធានារ៉ាប់រងសន្តិសុខសង្គមបាននោះដែរ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គមមាន ប្រសាសន៍ថា ក្រុមប្រឹក្សា ជាតិគាំពារសង្គម ទទួលស្គាល់នូវសារៈសំខាន់នៃកិច្ចគាំពារមាតុភាព ដែលជាកត្តាដ៏សំខាន់ក្នុងការដោះ ស្រាយវិសមភាពយេនឌ័រ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ត្រី និងគ្រួសារ។ ឯកឧត្ដមបានគូសបញ្ជាក់ថា “កិច្ចគាំពារមាតុភាព ជាពិសេសសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុង របៀបវារៈដ៏ចម្បងនៃកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលមានដូចជា កម្មវិធីផ្ទេរ ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ”។ ឯកឧត្ដមបានបន្ដថា ក្រុមប្រឹក្សាជាតិគាំពារសង្គមកំពុងធ្វើការពង្រឹងបន្ថែមទៀត ក្នុងការសម្របសម្រួល និងធ្វើឪ្យមានភាពសុខដុមនីយកម្មនៃគោលនយោបាយ និងបទប្បញ្ញត្តិនានា ដើម្បីធានាថា ស្ត្រីទាំងអស់ ទាំងនៅក្នុង វិស័យការងារក្នុងប្រព័ន្ធក្តី និងក្រៅប្រព័ន្ធក្តី សុទ្ធតែអាចទទួលបាននូវកិច្ចគាំពារសង្គម។
ឯកឧត្ដមបានបន្ថែមថា “យើងទទួលស្គាល់ នូវតួនាទីសំខាន់របស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិល ផងក្នុងកិច្ចបន្តសហការដើម្បីធានាថា ម្តាយគ្រប់ៗរូបទទួលបាននូវអត្ថប្រយោជន៍ពេញលេញ ពីកម្មវិធីកិច្ចគាំពារ សង្គម ដែលនឹងផ្តល់ឱ្យស្ត្រីមាន ឱកាសបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ”។
ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារីបានលើក ឡើងថា កិច្ចគាំពារមាតុភាព គឺជាតម្លៃរបស់មនុស្សទូទៅ និងជាមូលដ្ឋាន នៃសមភាពយេនឌ័រ និងសេដ្ឋកិច្ចដែល គិតគូរលើការគាំពារនិងថែទាំ។ នៅក្នុងប្រទេសកម្ពុជា ការចូលរួមនៃ កម្លាំងពលកម្មស្ត្រីកំពុងតែមានការ កើនឡើងជាលំដាប់ ហើយតម្រូវការកិច្ចគាំពារមាតុភាពកាន់តែមានសារៈសំខាន់ និងត្រូវយកចិត្តទុកដាក់ សម្រាប់គ្រប់ៗគ្នា។ ឯកឧត្ដមបានឱ្យដឹងថា ក្រសួងកិច្ចការនារី តាមរយៈផែនការយុទ្ធសាស្ត្រ នារីរតនទី៥ ឆ្នាំ២០១៩-២០២៣ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវពីគ្រប់មជ្ឈដ្ឋានលើរបៀបវារៈនេះ។
ឯកឧត្ដមបានថ្លែងថា “យើងបន្តធ្វើការជាមួយដៃគូពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីប្រែក្លាយ គុណតម្លៃរបស់យើងទៅជាសកម្មភាព ប្រែក្លាយគោលនយោបាយកាន់តែ ប្រកបដោយបរិយាប័ន្ន និងបង្កើត បរិយាកាសឱ្យស្ត្រីបានអនុវត្តន៍នូវសិទ្ធិ និងជម្រើសរបស់ខ្លួនបាន កាន់តែពេញលេញ”។ដោយមើលឃើញ ពីបញ្ហាប្រឈមនៃការពរពោះ និងមាតុភាព ជាពិសេសសម្រាប់កម្មការិនីក្រៅប្រព័ន្ធ អង្គការអុកស្វាមសូម ធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណា លើសង្គតិភាព ច្បាប់ និងគោលនយោបាយឱ្យបាន ប្រសើរ និងពេញលេញដោយស្របទៅតាមអនុសញ្ញា ការពារមាតុភាព លេខ១៨៣(២០០០) ដែលចងក្រង ជាគោលការណ៍គំរូចំនួន៥ផ្នែកធំៗ រួមមាន ការសម្រាកមាតុភាព អត្ថប្រយោជន៍ផ្នែកប្រាក់គាំពារ និងវេជ្ជសាស្ត្រ ការការពារសុខភាពនៅកន្លែងធ្វើការ សម្រាប់ម្តាយ និងទារក អំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលបំបៅដោះ ការការពារ និងការមិនរើសអើង ចំពោះការងារ និងការបំបៅកូន។
សូមបញ្ជាក់ថា យុទ្ធនាការ កិច្ចគាំពារមាតុភាព នេះជាផ្នែកមួយនៃគម្រោងកិច្ចគាំពារសង្គមរបស់អង្គការ អុកស្វាម ដែលគាំទ្រដោយក្រសួងការបរទេសប៊ែលហ្សិក ក្នុងគោលបំណងលើកកម្ពស់ការងារសមរម្យ ក្នុងតំបន់អាស៊ាន និងអប់រំផ្សព្វផ្សាយឱ្យមានការទទួលស្គាល់កិច្ចគាំពារសង្គមថា ជាផ្នែកមួយជួយកាត់បន្ថយ វិសមភាព ភាពងាយរងគ្រោះ និងភាពក្រីក្រ។ សម្រាប់កិច្ចគាំពារមាតុភាព គឺជាផ្នែកមួយសំខាន់នៃវិធាន ការគាំពារសង្គមគ្រប់ជ្រុងជ្រោយ៕
ដោយ រិទ្ធី ប្រភព៖ អង្គការ Oxfam






