សប្បុរសជននាំយកអំណោយឧបត្ថម្ភ ជូនរដ្ឋបាលខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១–សប្បុរសជនក្នុងខេត្តព្រះសីហនុ បាននាំយកអំណោយ មនុស្សធម៌ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ នៅខេត្តព្រះសីហនុ ។

ពិធីប្រគល់ និងទទួលធ្វើនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ៥រោចខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១ ដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាល រងខេត្តព្រះសីហនុ ។
ក្នុងនោះមានលោក ឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុប បានឧបត្ថម្ភ
១.ទឹកសម្លាប់មេរោគចំណុះ ៥លីត្រ ចំនួន ១០០កេស
២.ទឹកសម្លាប់មេរោគចំណុះ ១០០មីលីលីត្រ ចំនួន ១០កេស
៣.ម៉ាស៊ីនសម្លាប់មេរោគ ៥គ្រឿង
៤.មី ២០០កេស
៥.ទឹកបរិសុទ្ធ ៥០០កេស។
លោក ប៉ែន សុវណ្ណរ៉ា ឧបត្ថម្ភ
១.អង្ករ ១.០០០គីឡូក្រាម
២.ម៉ាស ១.០០០ប្រអប់
៣.ពងទា ៣.០០០

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា តាំង គួង និងលោក ប៉ែន សុវណ្ណារ៉ា ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភ ជូនរដ្ឋបាលខេត្តព្រះសីហនុ ជាសកម្មភាពចូលរួមនៃការចែករំលែកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យ ការងារ ការពារ បង្ការ ទប់ស្កាត់ជំងឺ ឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លង រាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងវិស័យឯក ជនចូលរួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុង ការបិទខ្ទប់ តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត ម្យ៉ាងទៀត អំណោយ ទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់មួយចំនួនក្នុងក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងមានការឆ្លងរាតត្បាតក្នុងក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្តព្រះសីហនុសង្ឃឹម និង ជឿជាក់ថា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន សហគ្រាសនានាក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្ រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ៕
ដោយ ៖ ងូ សុមុនី






