AKP កណ្តាល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ -- លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយក អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ក្នុងការទប់ស្កាត់ការឆ្លងមេរោគ កូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានមណ្ឌល សកម្មភាពទាំងអស់ចំនួន១២មណ្ឌលសកម្មភាព។

ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់កងកម្លាំង និងអាជ្ញាធរ ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំ ពីវិធីការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនបន្ថែមទៀត ព្រោះសព្វថ្ងៃជំងឺកូវីដ-១៩ កំពុងរីករាលដាល។

លោកជំទាវអភិបាលរងខេត្តបានបន្តថា ចំពោះបងប្អូនណាដែលប្រកបរបរនៅ ផ្សារដើមគរ គឺត្រូវតែយកសំណាក និងក្រោយពេលដែលយកសំណាករួច គឺមិនអនុញ្ញាតឱ្យ ពួកគាត់ចេញក្រៅ ឬទៅកន្លែងផ្សេងៗនោះទេ គឺត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ដោយរង ចាំលទ្ធផលចេញ។
សូមបញ្ជាក់ថា ក្នុងសង្កាត់សិត្បូ មានមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ចំនួន ១២មណ្ឌល ក្នុងមួយមណ្ឌល ទទួលបានអង្ករ ៥០គីឡូក្រាម មី២កេស ម៉ាស ២ប្រអប់ ជែល ១០ដប ទឹកស៊ីអ៊ីវ ៣យួរ និងថវិកា ១០ម៉ឺនរៀល៕

ដោយ សាយ សុន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)