រដ្ឋបាលរាជធានីភ្នំពេញ បន្ដគូសគំនូសចរាចរណ៍ នៅលើផ្លូវដែលបានអ៊ុតកៅស៊ូរួចក្នុងខណ្ឌដូនពេញ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ -- រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្ដគូសគំនួសចរាចរណ៍នៅលើផ្លូវដែលបានអ៊ុតកៅស៊ូ រួចជាច្រើនខ្សែក្នុងខណ្ឌដូនពេញ និងបានកំពុងយកចិត្តទុកដាក់លើបណ្តាផ្លូវផ្សេងៗទៀត ដែលខូចខាតដោយជំនន់ទឹកភ្លៀង ក៏ដូចជាការកកស្ទះចរាចរណ៍ ការស្ទះប្រព័ន្ធលូ និងរៀប ចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញផងដែរ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ខណៈក្រុមការងារ នៃមន្ទីរសារធារ ណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងបន្តសកម្មភាពអ៊ុតគំនូសសញ្ញាចរាចរណ៍គំនូស ជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើង នៅតាមបណ្ដោយផ្លូវព្រះអង្គឌួង ព្រះស៊ីសុវត្ដិ និង ផ្លូវជាច្រើនខ្សែទៀតនៅក្នុងខណ្ឌដូនពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ. បាន ឱ្យដឹងថា ការអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើង ទាំងនេះ ធ្វើឡើងទៅតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺ ត្រូវធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូ AC រួច ក្រោយពីខូចខាត ដោយជំនន់ ទឹកភ្លៀងនាពេលកន្លងមក។
សូមបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយ ជំនន់ទឹកភ្លៀងនោះមានចំនួន២៩ខ្សែ ក្នុងនោះខណ្ឌដូនពេញមានចំនួន១៦ខ្សែ។ គិតមកដល់ ពេលនេះផ្លូវទាំង១៦ខ្សែនោះ ក្រុមការងារបានជួសជុល និងអ៊ុតកៅស៊ូ AC បានចំនួន ១១ខ្សែ ហើយ ហើយរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងអ៊ុតគំនូសសញ្ញាចរាចរណ៍គំនូសជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើងផងដែរ៕
ដោយ សួស សំរិត