ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងសិក្សាការកែលម្អសោភ័ណភាពផ្លូវចូលក្រុងដូនកែវ
AKP តាកែវ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១–ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃចន្ទ ២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យសកម្មភាពការកែលម្អតាមដងផ្លូវចូលក្រុងដូនកែវ និងសិក្សាគម្រោងស្ថាបនារូបសំណាក បង្កង និងរូបសំណាក ពងទាកូន ដែលជាមុខម្ហូបដ៏មានសក្កានុពល ប្រចាំខេត្តតាកែវ ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារស្ថាបនាទាំងអស់ ត្រូវធ្វើស្របទៅតាមស្ដង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ និងបានឆាប់រហ័ស ព្រោះថាការកែលម្អនេះពិតជាមានសារសំខាន់ណាស់ សម្រាប់លើកសម្រស់ ក៏ដូចជាសោភ័ណភាពក្រុងដូនកែវ របស់យើង ដើម្បីជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាឱ្យបានច្រើនកុះករ ។
ដោយឡែកសម្រាប់គម្រោងស្ថាបនា រូបសំណាក បង្កង និងរូបសំណាក ពងទាកូន ក៏ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាអំពីគម្រោងនេះឱ្យបានជាក់លាក់ និងទទួលយករាល់មតិរបស់សាធារណជនទាំងអស់មកពិនិត្យមើល ទៅតាមស្ថានភាពជាក់ស្ដែង ។
ជុំវិញការសាងសង់នេះដែរ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានឱ្យដឹងថា ចំពោះការសង់រូបសំណាក់សម្គាល់ខេត្តតាកែវ មានរូប ព្រះវិស្ណុ គឺត្រូវបានអាជ្ញាធរសង់រួចរាល់ហើយ មានរូបព្រះវិស្ណុ រូបតាកែវ យាយកែវ រូបព្រះនាងលីវយី រូបតាសោម រូបលោកតាប្រាជ្ញឈួន ។ល។ នៅមានច្រើនកន្លែងទៀត និងនៅតាមបណ្ដាក្រុងស្រុកនីមួយៗ ដោយឡែកចំពោះការសិក្សាគំរោង ស្ថាបនា រូបសំណាក បង្កង និងរូបសំណាកពងទាកូននេះ គឺគ្រាន់តែចង់បង្ហាញដល់សាធារណជន ឱ្យបានដឹងអំពីមុខម្ហូបដ៏ពេញនិយម របស់ខេត្តតាកែវប៉ុណ្ណោះ ៕
ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ រដ្ឋបាលខេត្តតាកែវ