ខេត្តក្រចេះបើកសិក្ខាសាលា ស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ
AKP ក្រចេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ -- ខេត្តក្រចេះបានរៀបចំបើកសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាព ជោគជ័យ ដោយការអញ្ជើញចូលរួមពីលោក ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរង នៃគណៈអភិ បាលខេត្ត និងឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជា (FASMEC) កាលពីព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
សិក្ខាសាលាស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅខេត្តក្រចេះនេះ ធ្វើឡើងរយៈពេលមួយថ្ងៃ និងមានការចូលរួមពីប្រធាននិងសមាជិកសមាជិកាសមាគម សហគ្រាសធុនតូចនិងមធ្យមប្រចាំខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តព្រៃវែង មន្ត្រីពាក់ព័ន្ធ និងលោក លោកស្រីជាម្ចាស់សហគ្រាសអាជីវកម្មនៅក្នុងខេត្ត ទាំងបួនខាង លើជាច្រើនផងដែរ។
ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានឱ្យ ដឹងថា តាមរយៈការសិក្សាកន្លងមកយើងរកឃើញថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជាភាគច្រើនមានការខ្វះខាតទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារនិងផ្នែកធនធាន ហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនប្រកប ដោយភាពជោគជ័យ។
ឧកញ៉ាបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ម្ចាស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តក្រចេះ ក្នុងការយល់ដឹងបន្ថែមលើការ រៀបចំ ខ្លួនឱ្យសមស្របទៅនឹងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារជាដៃគូ។ ឧកញ៉ាបាន បញ្ជាក់ទៀតថា សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានចុះ អនុស្សរណៈ យោគយល់គ្នាជាមួយធនាគារ អេស ប៊ី អាយ លីហួរ ម.ក ដើម្បីជួយលើផ្នែកហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
លោក ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានមាន ប្រសាសន៍ថា ដោយមើលឃើញថាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាជាច្រើន កំពុងត្រូវការចំណេះដឹងថ្មីនិងការជួយជ្រោមជ្រែងបន្ថែមទៀតទាំងធនធានហិរញ្ញវត្ថុ ផ្នែក បច្ចេកទេស ផ្នែកទីផ្សារដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ទើបសម្ព័ន្ធ សមាគម សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានសហការរៀបចំបើកសិក្ខាសាលា នេះឡើងក្នុង គោលបំណងឱ្យ ម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងអស់ ពិសេសនៅក្នុង ខេត្តក្រចេះមានការយល់ដឹងអំពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ។
លោកអភិបាលរងខេត្តបញ្ជាក់ថា មា្ចស់សហគ្រាសធុនតូចនិងមធ្យមដែលមាន វត្តមាននៅ ក្នុងសិក្ខាសាលាពេលនេះនឹងទទួលបាននូវចំណេះដឹងថ្មីៗកាន់តែច្បាស់ពីការ កសាងអាជីវកម្មប្រកបដោយភាពជោគជ័យនិងទទួលបានបា្រក់កម្ចីនិងការលើកទឹកចិត្តច្រើន ពីធនាគារ អេស ប៊ី អាយ លីហួរ ម.ក ទៀតផង ៕
ដោយ ជួន សុជាតិ