កន្លែងលាងសម្អាតដៃជាអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ដល់សាលារៀនចំនួន ២កន្លែង នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ -- កន្លែងលាងសម្អាតដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ដល់សាលារៀនបឋមសិក្សាគយម៉ែង ស្រុកមង្គលបូរី និងនៅសាលាបឋមសិក្សា កងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃអង្គារទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្ត មានលោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាដើម្បីជាប្រយោជន៍ សម្រាប់ លោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលធ្វើទាំងអស់គ្នា ធ្វើអនាម័យទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកលនេះ។
មានប្រសាសន៍ក្នុងពិធីនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព រស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកជំទាវបានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោលទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ថ្ងៃនេះកាកបាទក្រហមកម្ពុជា បានសាងសង់កន្លែងលាងសម្អាតដៃ សម្រាប់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃសាលាទាំង២នេះដែលជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងគោលដៅដើម្បីជួយលើកកម្ពស់ដល់សុខុមាលភាពលោកគ្រូអ្នកគ្រូសិស្សានុសិស្សឱ្យជៀសផុតឆ្ងាយពីជំងឺកូវីដ១៩ និងជំងឺផ្សេងទៀតនោះ។
ជាមួយលោកជំទាវបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូម ជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ឱ្យបានល្អ និងសម្អាតបរិស្ថានជុំវិញផង និងថែទាំ សុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញ ក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍ក៏ដូច ប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកាចសាហាវនេះ ដ៏ខ្លាំងក្លានៅឡើយ។ ត្រូវបន្តរក្សាគម្លាតសង្គមបុគ្គលបន្តទៀតត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និង ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕
ដោយឈុនសារ៉ាត