អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមអនុវត្តន៍គម្រោងជួសជុលប្រាសាទបាយក្អែក
AKP សៀមរាប ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ -- អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែក ដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះ គ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយនោះ បានធ្វើឱ្យមានរូបរាងល្អប្រសើរឡើងវិញតាមសំណល់សំណង់ បុរាណដែលនៅសេសសល់ ដើម្បីទុកជាស្នាដៃសម្រាប់ការគោរពបូជា និងកិច្ចការស្រាវជ្រាវ ដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាសម្រាប់បម្រើវិស័យទេសចរណ៍ផង។
លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទបាយក្អែក នៃអាជ្ញាធរជាតិ អប្សរា និងជាប្រធានគម្រោងជួសជុលប្រាសាទខាងលើ បានឱ្យដឹងនៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ប្រាសាទ បាយក្អែកបាន និងកំពង់ដំណើរការជួសជុល និងលើកតម្លៃប្រាសាទចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ ដោយប្រើពលករជំនាញ៦នាក់ និងរយៈពេល៥ ឬ៦ខែ អាចនឹងជួសជុលប្រាសាទ នេះរួចរាល់ ព្រោះបានធ្វើកំណាយស្រាវជ្រាវរួចហើយកាលពីឆ្នាំ២០២០។ តាមលទ្ធផលស្រាវ ជ្រាវ គឺឃើញប្រាសាទមានទំហំ៣ម៉ែត្របួនជ្រុង ឃើញកម្រាលឥដ្ឋ ដែលមានរន្ធសរសរបញ្ឈរ ទំហំអង្កត់ផ្ចិត២០សង់ទីម៉ែត្រ ក្បឿង និងនាងច្រាលមួយចំនួន។ ដូច្នេះតាមការសន្និដ្ឋានបឋម គឺប្រាសាទនេះមានរោងទោងឈើ បែរមុខទៅទិសខាងជើងដែលខុសពីប្រាសាទដទៃសំដៅ ទៅរកអ័ក្សផ្លូវចូលទៅប្រាសាទអង្គរវត្ត។ ចំពោះរូបរាងប្រាសាទទាំងមូល យើងមិនអាចរៀប ចំបានពេញលេញទេ ព្រោះគ្មាន ជញ្ជាំង បានត្រឹមរៀបចំខឿន ស៊ុមទ្វារ ហោរជាងពីលើ ហើយ នឹងយកជើង ទម្រលិង្គដាក់ក្នុងប្រាសាទឡើងវិញ។
លោក ស្រ៊ុន តិច បន្តឱ្យដឹងទៀតថា យោងតាមតាមការតម្កល់ជើងទម្រលិង្គ គឺប្រាសាទ នេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែមិនអាចកំណត់ថាប្រាសាទនេះកសាងឡើងក្នុង សតវត្សរ៍ណា មានអាយុកាលប៉ុន្មាន រចនាបថអ្វីឡើយ ដោយសារពុំមានក្បាច់ចម្លាក់អ្វី ទាំង អស់អាចកត់សម្គាល់បាន សូម្បីសរសរ ពេជ្រក៏គ្មានក្បាច់ចម្លាក់សម្គាល់ដែរ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើកតម្លៃដល់បុរាណដ្ឋានជា ច្រើននៅក្នុងរមណីយដ្ឋានអង្គរ មិនមែនតែប្រាសាទគ្រឹះប្រាសាទបាយក្អែកប៉ុណ្ណោះទេ គឺមាន បុរាណដ្ឋានដទៃទៀតដូចជា ត្រពាំងសេស ទួលបុរាណ និងផ្លូវបុរាណចេញពីអ័ក្សភ្នំបាខែង ក៏ត្រូវបានជួសជុល និងលើកតម្លៃដែរ ព្រោះវាជាចំណុចសំខាន់ក្នុងការទាក់ទាញទេសចរ ក៏ដូចជាកេរមរតកដូនតាខ្មែរ និងជាបេតិកភណ្ឌ ពិភពលោកឱ្យនៅគង់វង្សយូរអង្វែង។
មួយវិញទៀត «គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោង ដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។ នៅក្នុងតំបន់មុខបរិវេណនៃប្រាសាទអង្គរវត្តនេះ ក៏មានគ្រឹះប្រាសាទបាយក្អែក ទួលបុរាណ ថ្នល់បុរាណ និងស្រះទឹកបុរាណជាច្រើន ដែលជាគោលដៅចម្បងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការសិក្សាស្រាវជ្រាវបុរាណវិទ្យា ដើម្បីលើកតម្លៃបុរាណដ្ឋាន ហើយឈ្វេងយល់ឱ្យច្បាស់ អំពីសំណល់បុរាណ និងវិសាលភាពមត៌កវប្បធម៌បុរាណ៕
ដោយ ហង្ស សៀក