អភិបាលរងខេត្ត ផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានការសុវត្ថិភាពកូវីដ-១៩
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១--មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជា មួយរដ្ឋបាលខេត្ត ផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ ក្រោមអធិបតីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាលរងក្រុង ស្រុក មន្ត្រីនគរបាលទេសចរណ៍ មន្ត្រីអាវុធហត្ថ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះ សីហនុ ព្រឹកថ្ងៃ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ ថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ បានឆ្លងចូលក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដែលមានទីតាំងចំនួន២៣ ត្រូវបានបិទជាបណ្តោះអាសន្ន។ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ប៉ុន្តែយើងត្រៀមលក្ខណៈការពារទុកជាមុន ត្រូវចូលរួមការពារ ទប់ស្កាត់ ពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍ទាំងអស់ ស្របពេលដែលពិភពលោកបានរកឃើញវ៉ាក់សាំងចាក់ការពារ និងកំពុងបន្តចាក់វ៉ាក់សាំងការពារ ដោយឡែកកម្ពុជា ក៏បាននិងកំពុងចាក់វ៉ាក់សាំងការពារផងដែរ ។
លោក ម៉ាង ស៊ីណេត បានបន្តថា បញ្ហាកូវីដ-១៩ ជាបញ្ហាប្រឈមចម្បងដែលទាមទារឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកបម្រើសេវាកម្មទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ត្រូវចូលរួមអនុវត្តន៍តាមគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ និងអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។ ដូច្នេះប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុទាំងអស់ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីផ្សារហិរញ្ញវត្ថុនាពេលខាងមុខ។ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផលប្រយោជន៍ទាំងអស់គ្នា ដើម្បីបង្កើនសោភណភាព បរិស្ថានក្រុង ខេត្តរបស់យើង ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើការបង្ហាញសារាចរណែនាំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- ១៩ ។ ក្រសួងទេសចរណ៍បានធ្វើការណែនាំដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស នូវវិធានសុវត្ថិភាពដូចខាងក្រោម៖ - អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ- ១៩។ - ត្រូវកត់ត្រាភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិសេសអាស័យដ្ឋាន និងលេខទំនាក់ទំនង។ - រៀបចំការត្រួតពិនិត្យវាស់កម្ដៅភ្ញៀវទេសចរ ដែលចូលទៅមកកម្សាន្តនៅតាមសហ គមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ - រៀបចំបាញ់អាល់កុលសម្លាប់មេរោគមុនចូលទៅកម្សាន្តក្នុងរមណីយដ្ឋាន។ - ភ្ញៀទេសចរតម្រូវឱ្យប្រើម៉ាស ឬក្រមា និងការលាងសម្អាតដៃពេលចាប់កាន់វត្ថុថ្មី។ - រៀបចំអាល់កុលបាញ់សម្លាប់មេរោគ និងលាងដៃ នៅតាមទីកន្លែងដែលចាំបាច់។ - បញ្ចៀសការជួបជុំក្រុមធំ រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រ តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាសហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ៕
ដោយ ងូ សុមុនី