រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨
AKP ព្រះសីហនុ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ -- ឯកឧត្តម ស៊ឹង គង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍន ភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូល សម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរ ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនស្ថាបនាផ្លូវនៅសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃ អង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១។
តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ មានប្រវែង ៤៣គីឡូម៉ែត្រ ដោយចេញពីអ័ក្សផ្លូវ ២០ម៉ែត្រ ដោយសារតែការ ដ្ឋានមានផលប៉ះពាល់នៅទីប្រជុំជនតម្រូវឱ្យយើងយកចេញពីអ័ក្សផ្លូវម្ចាងពី ៧,៥០ម៉ែត្រ, ១១ម៉ែត្រ និង ១៥ម៉ែត្រ ដើម្បីបញ្ចៀសដោះស្រាយផលប៉ះពាល់គម្រោងការ ស្ថាបនាផ្លូវ លេខ១៤៦B និងផ្លូវ លេខ១៤៨។ ដំណើរការស្ថាបនាផ្លូវកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មកដល់ពេលនេះការស្ថាបនាផ្លូវលេខ១៤៦B និងលេខ១៤៨ សម្រេចបាន ១០ភាគរយហើយ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ឱ្យក្រុមហ៊ុនស្ថាបនាផ្លូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះបាញ់ថ្នាំតាមនិយាមការ បញ្ចៀសផលប៉ះពាល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការស្ថាបនាផ្លូវឱ្យបាន លឿនមុនរដូវវស្សាឈានចូលមកដល់ ស្របតាមស្តង់ដារបច្ចេកទេសដោយស្មារតីទទួល ខុសត្រូវដើម្បីធានាការប្រើប្រាស់បានយូរ និងដឹកជញ្ជូននាពេលខាងមុខ៕
ដោយ ងូ សុមុនី