រដ្ឋមន្រ្ដីក្រសួងសាធារណការស្នើឱ្យអង្គភាពទទួលការងារអនុវត្តន៍គម្រោងទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ
AKP សៀមរាប ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ -- ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យអង្គភាពទទួលការងារអនុវត្តន៍គម្រោងទាំង៣៨ខ្សែនៅក្រុងសៀមរាប ត្រូវប្រកាន់គោលជំហរ និងការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងការងាររៀបចំសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានកម្មករ គ្រឿងចក្រ និងឧបករណ៍សាងសង់ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចការងារនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុក។
ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្ដសៀមរាបនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក (១៤០ ១៤៦ ៣០៥ ដុល្លារអាម៉េរិក) និងថវិកាប្រមាណជាង ៩លាន ដុល្លារអាម៉េរិកទៀត (៩ ០៧០ ២៩០ ដុល្លារអាម៉េរិក) សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះឱ្យស្របនឹងបទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា បើទោះបីកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាធំៗ ដូចជា បញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ការកាត់ផ្តាច់ផ្នែកខ្លះនៃការអនុគ្រោះពន្ធ EBA បញ្ហាគ្រោះ មហន្តរាយធម្មជាតិ ទឹកជំនន់ ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចឈរក្នុងភាពជាម្ចាស់ការដោយខ្លួនឯង បាន និងបានកសាងនូវសមិទ្ធផលជាច្រើនពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ ដែលបាននិងកំពុងស្ថាបនាសាងសង់ឡើង ត្រៀមនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរលើការងារដោះស្រាយផលប៉ះពាល់ ជំរុញឱ្យការបើកការដ្ឋានសាងសង់ អាចដំណើរការទៅបានដោយរលូន។
សូមបញ្ជាក់ផងដែរថា ទីក្រុងសៀមរាប បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច សម្បូរបែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនា ក្នុងមួយឆ្នាំៗ លើកលែងតែក្នុងអំឡុងពេលនៃការរីករាលនៃវីរុសកូវីដ-១៩ ជាសកលទូទាំងពិភពលោកនាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។ គម្រោងនេះ ដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅ កាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុង ទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕
ដោយ រិទ្ធី ប្រភព៖ ក្រសួងសាធារណការ