អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទអះអាងថា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាម៉េរិក ដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ -- ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បាន លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាម៉េរិក ដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ ដែលរងការខូចខាតដោយសារទឹកជំនន់នាពេល កន្លងទៅ។
ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះជំនន់ ទឹកភ្លៀង ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការ គណៈរដ្ឋមន្រ្តី ឯកឧត្តម ចាន់ ដារ៉ុង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្សែផ្លូវដែលរង ផលប៉ះពាល់ចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ៥,៣៨៩.៥៩គីឡូម៉ែត្រ ក្នុងនោះ ផ្លូវរងការខូចខាត ប្រវែង៣១,៥៤.៤២គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង។
ឯកឧត្តមបានបន្តថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នេះ ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពងស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ។
ប៉ុន្ដែក្នុង៩ខេត្តនោះ ក្រសួងជ្រើសរើសអាទិភាពចំនួន៣ខេត្ត ដែលត្រូវជួសជុល ជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។ នេះបើតាម ការបញ្ជាក់របស់ឯកឧត្តម ចាន់ ដារ៉ុង ។
ឯកឧត្តមបានបន្ថែមថា ខេត្តទាំង៣ ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញ មុនគេនេះ ត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ ៤.៦លានដុល្លារ, ពោធិ៍សាត់ ចំណាយ៤.៦លានដុល្លារ និងបាត់ដំបង ៣.៣លានដុល្លារ។ នៅពេលនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកា ចំនួន១៥លានដុល្លារ ហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ៕
ដោយ ចាន់ សុធីវង្ស