ការធ្វើដំណើរតាមអាកាសរវាងហុងកុង និងសិង្ហបុរីត្រូវបានពន្យាពេល
AKP ភ្នំពេញថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ - កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ការធ្វើដំណើរតាមអាកាសរវាងតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) និងប្រទេសសិង្ហបុរី ត្រូវបានពន្យារពេលក្នុងរយៈពេលមិនដល់ ២៤ម៉ោងផងមុនពេលវាត្រូវចាប់ផ្តើម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចហុងកុង លោកEdward Yau បាននិយាយថា ផែនការនេះនឹងត្រូវពន្យារពេល ២សប្តាហ៍ទៀត ដោយសារតែមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងដែនដីនេះ។
សេចក្តីសម្រេចនេះ គឺជាការប៉ះទង្គិចដល់ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងទាំងពីរ និងប្រទេសផ្សេងទៀតដែលបានសង្ឃឹមថា គម្រោងនេះអាចជាគំរូមួយក្នុងការអនុវត្តតាមក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ផែនការនេះត្រូវបានសម្រេចកាលនៅក្នុងពាក់កណ្តាលខែតុលា ដែលអនុញ្ញាតឱ្យអ្នកដំណើររវាងទីក្រុងទាំងពីរចូលដោយគ្មានការដាក់កម្រិត។
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ទីក្រុងហុងកុងបានបញ្ជាក់ថា មានករណីឆ្លងជាង ៥.៥០០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ១០៨នាក់៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)