រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងការបិទប្រទេស និងបិទសាលារៀន
AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ - អនុប្រធានាធិបតីអាម៉េរិក លោក Mike Pence បាននិយាយនៅក្នុងសន្និសីទក្រុមការងារប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសនៅឯសេតវិមានថា រដ្ឋបាលលោក ត្រាំ មិនគាំទ្រវិធានការមួយផ្សេងទៀតក្នុងការបិទប្រទេសទេ ពីព្រោះវាមិនមែនជាវិធានការចាំបាច់ក្នុងការដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃការឆ្លងមេរោគកូរ៉ូណាវីរុសនោះទេ។
លោក Pence បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ប្រធានាធិបតី លោក ត្រាំ មានភាពច្បាស់ណាស់ថា យើងមិនគាំទ្រការបិទប្រទេសទេ ហើយយើងក៏មិនជឿថាវាជាការចាំបាច់ដែរ។ យើងមិនអំពាវនាវឱ្យមានការបិទប្រទេសទេ ហើយយើងក៏នឹងមិនធ្វើវាដែរ»។
សមាជិកក្រុមការងារប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសបានទទួលស្គាល់ថា មានការកើនឡើងនៃចំនួនមនុស្សដែលបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែគេបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរជាងមុននាពេលបច្ចុប្បន្ននេះ ហើយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះនឹងមានការចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងទូទាំងប្រទេសហើយ។
លោក Pence បាននិយាយថា ទាំងរដ្ឋបាលលោក ត្រាំ និងក្រុមអ្នកជំនាញសុខាភិបាលមិនពេញចិត្តក្នុងការបិទសាលារៀនដើម្បីឆ្លើយតបទៅនឹងករណីឆ្លងមេរោគកូរ៉ូណាវីរុសនាពេលបច្ចុប្បន្ននេះទេ។
លោក Pence បាននិយាយថា «យើងចង់ឱ្យពលរដ្ឋអាម៉េរិកដឹងថា វាជាគោលជំហររបស់ក្រុមការងារនេះ រដ្ឋបាល និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលថា យើងមិនចាំបាច់បិទសាលារបស់យើងនោះទេ»៕
(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)