ប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀននព្ធមាសប្រចាំឆ្នាំ២០១៨
AKP ពោធិ៍សាត់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ -- ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌នៅមូលដ្ឋាន ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដោយអនុវត្តន៍ច្បាប់ទៅតាមក្រមសីលធម៌ភាពជាចាស់ទុំ ប្រើប្រាស់ភ្នែកឱ្យ បានច្រើន ជាងត្រចៀក មានជំហរសុក្រឹត និងយុត្តិធម៌ ធ្វើយ៉ាងណាឱ្យមូលដ្ឋានមានភាពស្ងប់ស្ងាត់ គ្មានការចរាចរណ៍ និងគ្មានការប្រើប្រាស់គ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននព្វមាស ប្រចាំឆ្នាំ២០១៨ ដោយមាន ការចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុក លោកព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល និងអធិការក្រុង ស្រុក មេឃុំចៅសង្កាត់ និងមេប៉ុស្តិ៍ទាំង៤៩ឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់។
អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ដែល ធ្វើឱ្យយើងទាំងអស់គ្នាបានយល់ដឹងកាន់តែច្បាស់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀតក្នុងការអនុវត្តន៍ ធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងគ្មានការចរាចរណ៍ និងគ្មានការប្រើប្រាស់គ្រឿងញៀន៕
ដោយ ណៅ ធឿន






