ឯកឧត្តម លេង វី ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្តព្រះវិហារ
AKPព្រះវិហារ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ -- ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងនាយករដ្ឋបាល ខេត្ដព្រះវិហារ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបប្រមាណ ៣០០នាក់។
ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការ អភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និង រក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងក្រុង និងជនបទ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភណភាពក្នុងខេត្តបានយ៉ាងល្អប្រសើរ ។
ឯកឧត្តម លេង វី បន្តថា ការរៀបចំពិធីប្រកាសថ្ងៃនេះ គឺក្នុងគោលបំណងឆ្លុះបញ្ចំាងឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សំដៅធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តព្រះវិហារ អនុវត្តឱ្យបាននូវគុណភាពសេវាសាធារណៈ និងប្រសិទ្ធភាពការងារក្នុងជួរគណៈអភិបាល រួមទំាងមន្ត្រីថ្នាក់ក្រោម និងការបំពេញតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអភិវឌ្ឍនានា ដោយអនុវត្តន៍តាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅក្នុងខេត្តព្រះវិហារ ។

ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្ត និង លោកនាយករដ្ឋបាលខេត្ដព្រះវិហារ ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋកាន់ តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយឡែកអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនខុសច្បាប់គ្រប់ប្រភេទ។
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងនាយយករដ្ឋបាល និងអភិបាលរងខេត្ត ត្រូវបានតែងតាំងលោក មុត ភិសិទ្ធនា ពីនាយករដ្ឋបាលសាលាខេត្ត ទៅជាអភិបាលរងខេត្ត តែងតាំងលោក យ៉ុង គឹមហឿង នាយករងរដ្ឋបាលសាលាខេត្ត ទៅជានាយករដ្ឋបាល សាលខេត្តព្រះវិហារ៕
ដោយ ទិត ស្រ៊






