ឯកឧត្តម ងួន ញ៉ិល ជួយកសាងអគារសិក្សាមួយខ្នងក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ -- ប្រជាពលរដ្ឋដែលជាមាតា បិតាសិស្ស លោកគ្រូ អ្នកគ្រូ បានសំណូមពរដល់ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអនុប្រធានទី១នៃរដ្ឋសភា ជួយផ្តួច ផ្តើមប្រមូលថវិកា ដើម្បីកសាងអគារសិក្សាបន្ថែមក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្ថិតនៅក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីឆ្លើយតបនឹងកំណើន សិស្សានុ សិស្សដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឆ្លើយតបសំណើនេះឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានរៀបចំពិធីបុណ្យផ្កាសាមគ្គី មួយឡើងនាថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីប្រមូលបច្ច័យសម្រាប់កសាង អគារសិក្សាតាមសំណើរបស់ប្រជាពលរដ្ឋនេះ។ បុណ្យផ្កាសាមគ្គីដែលរៀបចំធ្វើឡើងនៅ ខេត្តកំពង់ធំនោះ មានការចូលរួមពីប្រជា ពុទ្ធបរិស័ទ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាជ្ញាធរខេត្តផងដែរ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សា១ខ្នង ៦បន្ទប់ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានលើកឡើងថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺការពង្រឹងមូលដ្ឋានអប់រំក្នុងសហគមន៍ ដើម្បីឱ្យមានការចូលរួម យ៉ាងសកម្មក្នុងកិច្ចការសង្គម សេដ្ឋកិច្ច ឈរលើមូលដ្ឋានចំណេះដឹង សមត្ថភាព និងជំនាញ។
ឯកឧត្តមបណ្ឌិតបានបន្តថា សាលារៀន គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងសហគមន៍ ហើយបើសហគមន៍មានអ្នកចេះដឹងច្រើន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍន៍ សហគមន៍។ ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា មានសាលារៀនល្អ គឺអាចឱ្យយើងដោះ ស្រាយបានមួយចំណែកនូវភាពគ្រោះថ្នាក់នៃអវិជ្ជា។ មានសាលារៀនល្អ មាតាបិតាទាំងឡាយ នឹងមានការលើកទឹកចិត្ត ក្នុងការបញ្ជួនបុត្រធីតារបស់ខ្លួនឱ្យចូលរៀនបានគ្រប់ៗគ្នា។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងយុគសម័យអភិវឌ្ឍន៍ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ដោយបង្ខិត សាលារៀនឱ្យមកនៅជិតសហគមន៍តាមមូលដ្ឋាន ដើម្បីកាត់បន្ថយនូវអនក្ខរៈជន គឺភាពមិនចេះអក្សរដល់ពលរដ្ឋទូទាំងប្រទេសក្នុងគោលដៅកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា ប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យ និងសន្តិភាព មិនចំណុះឱ្យរដ្ឋណាមួយឡើយ កត្តាទាំងនេះហើយនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាង ច្បាស់លាស់ និងយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនេះយើងត្រូវការទុនមនុស្សប្រកដោយផ្លែផ្កា និងគុណភាពជាការចាំបាច់។ ក្នុងតំណាក់កាលសន្តិភាពយើងត្រូវការអភិវឌ្ឍកត្តាចំនួន៤ ៖ ទុនមនុស្សប្រកបដោយចំណេះដឹង ទឹក ផ្លូវ ភ្លើង។ ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយពង្រឹងនូវសមត្ថភាពគ្រូបង្រៀន ការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតតបណ្ណាល័យ ការផ្តល់សៀវភៅសិក្សា ដោយឥតគិតថ្លៃ ការកែលម្អកម្មវិធីសិក្សាជាដើម។ ជាពិសេសការបង្កើនប្រាក់ខែ និងប្រាក់ បំណាច់របស់គ្រូបង្រៀនជាបណ្តើរៗទៅតាមលទ្ធភាពនៃកំណើនថវិកាជាតិ និងការបំពាក់ សម្ភារចាំបាច់នានាដល់សាលារៀន ដើម្បីធានាផ្តល់ជូនដល់គ្រូបង្រៀន និងសាលារៀននូវ មធ្យោបាយ និងសម្ភារគ្រប់គ្រាន់សម្រាប់ដំណើរការ។ លើសពីនេះទៅទៀតសម្រាប់ការ កាត់បន្ថយចំណាយដោយផ្ទាល់ និងដោយប្រយោលរបស់មាតាបិតាសិស្ស ទៅលើការសិក្សារបស់បុត្រធីតា ដែលជាឧបសគ្គយ៉ាងធំដែលរារាំងមិនឱ្យសិស្ស ក្រីក្ររៀនបានខ្ពស់។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទំាងឡាយ ដែលចូលរួមថវិកាក្នុងការកសាងអគារសិក្សា ដែលជាថ្នាល បណ្តុះបណ្តាលធនធានមនុស្ស ហើយនេះជាកម្លំាងសាមគ្គីដ៏រឹងមាំ បង្ហាញពីវប្បធម៌ចែករំ លែកនៅក្នុងសង្គមខ្មែរ៕
ដោយ ប៉ាល់ សុង






