សម្ដេចតេជោ៖ កម្ពុជា-ឡាវ ចាត់ទុកតំបន់ព្រំដែនអូតាង៉ាវ ជាតំបន់មិនទាន់ដោះស្រាយដោយតភ្ជាប់នៅលក្ខខណ្ឌបីយ៉ាង
AKP ឡាវ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ -- ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ដែលកើតឡើងនៅតំបន់ព្រំដែននោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានចាត់ទុកអូតាង៉ាវ ក្នុងខេត្តស្ទឹងត្រែង ជាតំបន់មិនទាន់ដោះស្រាយ ដោយតភ្ជាប់នៅលក្ខខណ្ឌបីយ៉ាងគឺ៖ ទី១. គ្មានកងទ័ព, ទី២. គ្មានប្រជាជនទៅប្រកបរបរអាជីវកម្មនៅទីនោះ និងទី៣. ក្នុងករណីបើមានការល្បាត គឺល្បាតរួមគ្នា។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្រោយជំនួបទ្វេភាគី រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Thongloun Sisoulith នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រៅពីនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា និងប្រគល់ ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការងារនេះ ទៅលើពង្រាងពាក់ព័ន្ធ និងបច្ចេកទេសដើម្បីផ្ញើជូនទៅឱ្យភាគីបារាំង ហើយនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរក៏បាន ធ្វើលិខិតរួមគ្នាទៅសុំឱ្យប្រធានាធិបតីបារាំង ដើម្បីស្នើឱ្យជួយផ្ទេរផែនទី បោនខ្នាត១ លើ១០០.០០០ មក ផែនទីUTM ខ្នាត១លើ៥០.០០០។ នៅក្នុងលិខិតនោះដែរក៏ មានស្នើសុំឱ្យជួយផ្ដល់ឯកសារដែលទាក់ទង និងផែនទីសម្រាប់ការដោះស្រាយបញ្ហា រវាងកម្ពុជា និងឡាវ។ ដូច្នេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រគល់ភារកិច្ចនេះឱ្យ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរឱ្យធ្វើកិច្ចការនេះបន្ទាន់។ ចំណុចទី២ បន្តស្នើសុំឱ្យបារាំងជួយផ្ដល់នូវឯកសារនានាដែលទាក់ទង ជាមួយនិងបញ្ហាព្រំដែនកម្ពុជា- ឡាវ ជាពិសេសតំបន់ ១៦ភាគរយ ដែលនៅសេសសល់។

សម្ដេចតេជោបានថ្លែងបន្តថា ក្នុងការពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឡាវ ខ្ញុំបានបញ្ជាក់ថា គួរបញ្ចប់បញ្ហាព្រំដែន នៅក្នុងដំណាក់កាលរបស់យើងឱ្យបានឆាប់។ ឯរឿងដទៃទៀត យើងសង្ឃឹមថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីយុត្តិធម៌ និងពិភាក្សាគ្នាអំពីការដោះស្រាយបញ្ហាផ្ទេរអ្នកទោសផងដែរ។ តាមរយៈទស្សនកិច្ចនេះ យើងនិងបន្តពង្រឹងបន្ថែមទៀត នូវចំណងទាក់ទងរវាងប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-ឡាវ បានឯកភាពគ្នាថា នឹងធ្វើស្ពានឆ្លងកាត់តភ្ជាប់ពីខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះសម្ដេចតេជោ ក៏បានអះអាងថា ពលរដ្ឋប្រទេសទាំងពីរ ដែលរស់នៅតាមព្រំដែន ត្រូវតែសប្បាយរីករាយ ព្រោះប្រទេសទាំងពីរបានចុះហត្ថលេខាលើបញ្ហាអគ្គិសនី ដើម្បីធ្វើការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលបានទទួលបដិសណ្ឋាកិច្ចសម្ដេច និងគណៈប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ហើយសម្ដេចសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។ ឯកឧត្ដម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ មកកាន់ប្រទេស ឡាវនាពេលនេះ គឺជាកិត្តិយសដ៏ធំធេងក្នុងការពង្រឹងនូវទំនាក់ទំនងឡាវ-កម្ពុជា ដែលជាមិត្ត ស្និទ្ធស្នាលនិងជាប្រទេសភូមិផងរបងជាមួយ។
ឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបានជាប់ជា នាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសឡាវជាប្រទេសទីមួយ ក្នុងតំបន់អាស៊ាន ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចមុនគេនាពេលនេះ។
គួរបញ្ជាក់ដែរថា ប្រទេសទាំងពីរ កម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយ មានព្រំខ្សែព្រំដែនរួមគ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមកឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
ដោយ ជឹម ណារី






