សហព័ន្ធកីឡាបាល់បោះកម្ពុជាទទួលជួបសមាគមបាល់បោះកម្ពុជា-អាម៉េរិក ដើម្បីអភិវឌ្ឍន៍ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ -- ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានជួបសវនការជាមួយលោក ចូវ សុខារី ប្រធានសមាគមបាល់បោះកម្ពុជា-អាម៉េរិក ក្នុងការ អភិវឌ្ឍកីឡាបាល់បោះកម្ពុជា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅណាហ្គាវើល។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាគមបាល់បោះកម្ពុជា-អាម៉េរិកបានចុះអនុស្សរណៈយោគយល់គ្នាតំាងពីខែតុលាកន្លងមក ហើយ ជួបគ្នានៅពេលនេះ ភាគីទាំងពីរបានពិភាក្សាក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យកីឡាបាល់បោះ កម្ពុជាឱ្យកាន់តែរីកចម្រើន និងដើម្បីតៀមការប្រកួត កីឡា SEA GAMES លើកទី៣២ នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរម្លឹកថា កាលពីការប្រកួតកីឡា SEA GAMES ឆ្នាំ២០១៧ ក្រុមបាល់បោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៧។ កាលពីពេលកន្លងទៅ សហព័ន្ធជាអ្នកជ្រើសរើស កីឡាករ បាល់បោះកូនខ្មែររស់នៅ ក្រៅប្រទេសពីប្រទេសអាម៉េរិក កាណាដា និងអូស្រ្តាលីដោយខ្លួនឯង ប៉ុន្តែចាប់ពីពេលនេះតទៅការជ្រើសរើស កីឡាករបាល់បោះកូនខ្មែររស់នៅក្រៅប្រទេស ដែលចង់លេងឱ្យកម្ពុជាត្រូវទៅចុះឈ្មោះនៅសមាគមបាល់បោះកម្ពុជា-អាម៉េរិក នេះ ផ្ទាល់តែម្តង។

អនុប្រធានសហព័ន្ធបន្ថែមទៀតថា សហព័ន្ធមានគោលបំណងសំខាន់ៗ២ គឺគ្រោង បញ្ជូនក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជាទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិកជាមួយសមាគម បាល់បោះកម្ពុជា-អាម៉េរិក ដើម្បីតៀមការប្រកួតកីឡា ស៊ីហ្គេម និងគោលដៅទីពីរនឹងអាចអញ្ជើញគ្រូបង្វឹកមកបង្ហាត់នៅកម្ពុជា៕
ដោយ ហេង ណាលីន






