កិច្ចប្រជុំពាក់ព័ន្ធនឹងការប្រើប្រាស់ ការគ្រប់គ្រង និងការថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ -- ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយភាគីថៃ ដែលដឹកនាំដោយលោក Apichart Junratasup អនុប្រធាននាយកដ្ឋានផ្លូវល្បឿនលឿន ស្ដីពីគណៈកម្មាធិការទទួលបន្ទុករៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងលើកទី២ ពាក់ព័ន្ធនឹងការប្រើប្រាស់ ការគ្រប់គ្រង និងការថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ កាលពីថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រតិភូថៃ តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងផ្ដោតជាសំខាន់លើការបើកច្រកព្រំដែនបណ្ដោះអាសន្ន ត្រង់ចំណុចស្ទឹងបត់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៃទឹកដីព្រះរាជាណាចក្រកម្ពុជា និងបានណងអៀន ខាងទឹកដីថៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្ដមអគ្គនាយកបានស្នើឱ្យភាគីថៃពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រងទំនិញ នៃស្ថាប័នពាក់ព័ន្ធដូចជា ស្ថាប័នគយ ស្ថាប័នអន្តោប្រវេសន៍ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសម្រួលដល់ការគ្រប់គ្រងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ ភាគីថៃស្នើសុំរយៈពេលប្រមាណ១២ខែ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគាររដ្ឋបាល និងរចនាសម្ព័ន្ធគ្រប់គ្រងដទៃទៀតផងដែរ៕
ដោយ ទេស ច័ន្ទសុធារី