រដ្ឋមន្ត្រីក្រសួងការងារបង្ហាញថា ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម គឺជាចំណែកមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន
AKP សៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ -- ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលា ការចងក្រងឯកសារ នៃឧត្តមានុវត្តន៍ ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងចំណោម រដ្ឋជាសមាជិកអាស៊ាន ដែលធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះថា យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានច្រើនបំផុតនៅលើពិភពលោក។
ជាក់ស្តែង នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧ភាគរយ - ៩៩ភាគរយ នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០ភាគរយ - ៨០ភាគរយ នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភព នៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។ ប៉ុន្តែកន្លងមក សង្កេតឃើញថា រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសង្គមនានា មានការជួបប្រទះនូវបញ្ហា ប្រឈមសំខាន់ៗ ក្នុងការផ្តល់សេវា និងការធានាអនុលោមភាពតាមបទបញ្ញត្តិផ្សេងៗ ទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ដែលនេះបណ្តាលមកពីកត្តាផ្សេងៗ ដូចជា៖ ការមិនស្ថិតនៅក្នុងប្រព័ន្ធការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Economy) និងកង្វះខាត ការយល់ដឹងផ្នែកសុវត្ថិភាពការងារនៅកន្លែងធ្វើការជាដើមដែលជាហេតុធ្វើឱ្យ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាស ទាំងនេះនៅមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយនៅឡើយ ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរ តួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោត ការយក ចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តន៍គោលនយោបាយចំពោះ សហគ្រាសធុនតូច និងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សង្ឃឹមថា អង្គសិក្ខាសាលាទាំងមូល នឹងរួមគ្នា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវិធីសាស្រ្តថ្មីៗយ៉ាងផុលផុស ដើម្បីលើកកម្ពស់ លក្ខខណ្ឌការងារនៅក្នុងសហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងតំបន់ អាស៊ាន និងប្រទេសដៃគូអាស៊ាន។ ការកំណត់បាននូវឧត្តមានុវត្តន៍ និងវិធីសាស្រ្ត ផ្នែក សុវត្ថិភាព និងសុខភាពការងារ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីផ្តល់ធាតុចូល បន្ថែមទៀត ក្នុងការចងក្រងជាឯកសារ និងការបង្ហាញឱ្យឃើញអំពីការអនុវត្តល្អៗផ្នែក សុវត្ថិភាព និងសុខ ភាពការងារនៅក្នុងតំបន់អាស៊ាន ព្រមទាំងជាកាលានុវត្តភាព សម្រាប់ សហគ្រាសធុនតូច និងមធ្យម និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងតំបន់អាស៊ាន ដើម្បីយកទៅអនុវត្តន៍ ផងដែរ៕
ដោយ ឃុត សៅ