សម្តេចតេជោ ហ៊ុន សែន៖ តែមួយថ្ងៃ ក្រោយពីបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទគ្រាន់តែខេត្តកណ្តាល បង្ក្រាបបានជា៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយពីចេញសារសំឡេងបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរយៈពេលមួយថ្ងៃ គ្រាន់តែខេត្តកណ្តាលបានបង្ក្រាបបានចំនួនជាង៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែង ដែលករណីនេះមានចំនួនច្រើន។
ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះនៅពេលប្រទេសបើកដំណើរការឡើងវិញឃើញមានស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើខុសច្បាប់ដទៃផ្សេងទៀតមានការកើនឡើងដែលជាគួរឱ្យចាប់អារម្មណ៍។ សម្តេចតេជោបញ្ជាក់ថា៖ «ល្បែងស៊ីសងមានការកើនឡើងច្រើនណាស់ ហើយសម្តេចក្រឡាហោម ស ខេង បានដឹកនាំការងារបង្ក្រាបករណីនេះ ហើយខ្ញុំត្រូវបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីបង្ក្រាប។ បន្ទាប់ពីចេញសារសំឡេងមួយថ្ងៃ គ្រាន់តែខេត្តកណ្តាលរកឃើញក រណីល្បែងស៊ីសងជាង៧០០កន្លែង នៅភ្នំពេញជាង១ពាន់កន្លែង»។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ចំណុចនេះទាក់ទងនឹងបញ្ហាភូមិ ឃុំ មានសុវត្ថិភាពដែលយើងបានដាក់អនុវត្តន៍ច្រើនឆ្នាំហើយ ខណៈកន្លែងល្បែងស៊ីសងគឺមិនដែល កើតលើមេឃទេគឺ កើតលើដីសំខាន់អ្នកធ្វើមិនធ្វើ។ ជាមួយគ្នានោះដែរ សម្តេចតេជោលើកឡើងថាការកើនឡើងល្បែងអនឡាញនេះក៏បង្ហាញពីការជឿនលឿននូវប្រព័ន្ធឌីជីថល ប៉ុន្តែបើសិនការប្រើប្រាស់ប្រព័ន្ធឌីជីថលខុស នឹងពិបាក ដែលចំណុចនេះទាមទារឱ្យ មានការយកចិត្តទុកដាក់ពីគ្រប់តួអង្គរទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបន្ថែមថា មិនមែនបញ្ហាការជួញដូរមនុស្សតែមួយនោះទេ ប៉ុន្តែត្រូវធ្វើការចាប់ផ្តើមតាមមែកធាងរបស់វា ដូចជាការបង្កើតល្បែងស៊ីសង អំពើទុច្ចរិតនានា ទើបធ្វើឱ្យមានការជួញដូរមនុស្ស ជួញដូរផ្លូវភេទដែលជារឿងត្រូវតែដោះស្រាយបញ្ហានេះ ចៀសវាងខានតែបាន។
សម្តេចតេជោគូសបញ្ជាក់ទៀតថា ដូចអ្វីដែលសម្តេចក្រឡាហោម ស ខេងលើកឡើងគឺត្រូវតែ ធ្វើការសង្គ្រោះមនុស្សដែលជនរងគ្រោះឱ្យបានទាន់ពេលវេលា ធ្វើការស៊ើបអង្កេតជន ប្រព្រឹត្តបទល្មើសនិងស្រាវជ្រាវចាប់មេក្លោមដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានលើកលែង។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានជំរុញឱ្យអាជ្ញាធរ ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទអាជីវកម្មខុសច្បាប់ពិសេសល្បែងស៊ីសង និងល្បែងតាមប្រព័ន្ធអេឡិចត្រូនិកខុសច្បាប់ ហើយបើសិនរកឃើញករណីជួញដូរមនុស្សត្រូវស៊ើបអង្កេតបញ្ជូនមនុស្សតាមច្បាប់។
ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែងឱ្យដឹងទៀតថា ទោះបីជាមានផែនការយ៉ាងណាក្តីប៉ុន្តែត្រូវតែមានការបង្ក្រារនិងទប់ស្កាត់ ដើម្បីកុំឱ្យមានករណីកើតឡើង ហើយករណីនេះត្រូវមានការចូលរួមពីនិកាយសាសនានីមួយៗ ដើម្បីអប់រំមនុស្ស៕
ដោយ៖ ប៊ុនរិទ្ធ