ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា មានតម្លៃខ្ពង់ខ្ពស់ ក្នុងការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ -- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានប្រមុខរដ្ឋ នៃរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការ និង មិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយម វៀតណាម។
ឯកឧត្ដម ង្វៀន សួនហ៊្វុក បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានសម្តេច ប្រធាន រដ្ឋសភា និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពក្នុងប្រទេស វៀតណាមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាវីរជន កំពូលមួយរូប ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព ប្រទេសទំាងពីរឱ្យបានរឹងមាំឡើងជាលំដាប់។
ឯកឧត្តមប្រធានរដ្ឋក៏បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលទំាងឡាយដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានវាយ តម្លៃខ្ពស់ ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធាន រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ថា នឹង ធ្វើឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភា និងរដ្ឋាភិបាលក៏ដូចប្រជាជន នៃប្រទេសទំាងពីរកាន់តែស្អិតល្មួតឡើងថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួប ឯកឧត្តមប្រធានរដ្ឋ ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម នៅកម្ពុជា កាលចុងឆ្នាំ២០២១កន្លងទៅ ដែលទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទកភាព។ សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជា ជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍន ភាពជឿនលឿន ស្របតាមទិសដៅនៃមហាសន្និបាតលើកទី១៣ របស់ បក្សកុម្មុយនីស្ត វៀតណាម។
ឆ្លៀតឱកាសនោះ សម្តេច បានថ្លែងអំណរគុណ ចំពោះជំនួយជាថវិកា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជា សម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងការអនុវត្តការ សាងសង់ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ខាងមុខ។
សម្តេចបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា នៅចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ឈាម ជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩។
សូមជម្រាបថា នៅមុនពេលចូលជួបសម្តែងការគួរ ជាមួយឯកឧត្តមប្រធានរដ្ឋ សម្តេច ប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញផងដែរ៕
ដោយ ប៉ាល់សុង (ប្រភពរដ្ឋសភា)