រដ្ឋបាលខេត្តកំពង់ឆ្នាំង ពង្រឹងវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និង លើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាព នៅថ្នាក់ក្រោមជាតិ
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២--នៅថ្ងៃ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំងមានរៀបចំសិក្ខាសាលាស្តីអំពីការឆ្លុះបញ្ចាំង លទ្ធផលបញ្ចប់គម្រោងពង្រឹងវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និង លើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាព នៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ និង ដំណាក់កាលទី២របស់អង្គការវ័រធឺអេតកម្ពុជា ក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំង និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក គោលដៅជាច្រើននាក់ផងដែរ ។
លោក ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងកំពុងសម្រេចបាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចគោលដៅផ្នែកអនាម័យ និងទឹកស្អាតឡើយ។ បើទោះបីជាប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យមានភាពល្អប្រសើរជាងមុនក៏ដោយ ដែលមានអត្រាបន្ទោបង់ពាសវាលពាសកាល ខ្ពស់ជាងគេនៅក្នុងតំបន់ ។ ពោលគឺក្នុងចំណោមប្រជាពលរដ្ឋរស់នៅជនបទមានជីវភាពនៅមានកម្រិត ។ ការបន្ទោបង់ក្នុងប្រភពទឹកចំហ ឬបន្ទោបង់ពាសវាលពាសកាល ដោយមិនប្រើប្រាស់បង្គន់។ ទម្លាប់បែបនេះ បង្កជាបញ្ហាប្រឈមដ៏សែនគ្រោះថ្នាក់មួយ ព្រោះថាលាមករបស់មនុស្សដែលនៅជិតផ្លូវទឹក និងផ្ទះសម្បែង នាំឱ្យមានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឱ្យប្រជាពលរដ្ឋយើង និងគ្រួសាររបស់ពួកគេប្រឈមនឹងហានិភ័យ។
លោកបានបន្តថា ការលើកកម្ពស់ស្ថានភាពអនាម័យ និង ទឹកស្អាតជូនប្រជាពលរដ្ឋពិសេសផ្ដោតលើកុមារនៅខេត្តកំពង់ឆ្នាំង តម្រូវឱ្យមានការប្រើប្រាស់ អភិក្រមរួមដែលមានលក្ខណៈជាប្រព័ន្ធ។ កត្តានេះទាមទារឱ្យមានការខិតខំរួមគ្នា ព្រោះថាការសម្រេចបាននូវវឌ្ឍនភាពនៅក្នុងផ្នែកមួយ គឺអាស្រ័យទៅលើវត្តមានរបស់ផ្នែកផ្សេងទៀត ដូចជានៅពេលដែលពុំមានបង្គន់ ប្រភពទឹកត្រូវជួបនឹងបញ្ហាកខ្វក់ ហើយនៅពេលដែលពុំមានទឹកស្អាត គេពុំអាចអនុវត្តទម្លាប់អនាម័យខ្លួនប្រាណស្អាតបានឡើយ។ វាតម្រូវឱ្យមានការប្រើប្រាស់អភិក្រមរួម ព្រោះថាការធ្វើឱ្យស្ថានភាពកាន់តែល្អប្រសើរ និងមាននិរន្តរភាព អាចសម្រេចទៅបានលុះត្រាតែមានអន្តរាគមន៍ក្នុងវិស័យទឹកស្អាត និងអនាម័យ សុខាភិបាលនិងអប់រំ មានលក្ខណៈប្រទាក់ក្រឡា និងពង្រឹងឱ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ វាត្រូវការអភិក្រមដែលមានលក្ខណៈជាប្រព័ន្ធ ព្រោះថាគេចាំបាច់ត្រូវដោះស្រាយបញ្ហានេះ នៅតាមផ្ទះ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។
លោកអភិបាលរង បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការអប់រំផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ អំពីអនាម័យ និងជំរុញឱ្យមានការផ្លាស់ប្តូររបៀប ដែលពួកគេប្រើប្រាស់បរិក្ខារអនាម័យ និងទឹកស្អាតទាំងនេះ។ យើងសម្រេចគោលដៅនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងអប់រំ ផ្សព្វផ្សាយ ដែលលើកទឹកចិត្តពលរដ្ឋ កុមារ និងសហគមន៍របស់ពួកគេធ្វើការផ្លាស់ប្តូរទម្លាប់អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនបច្ចុប្បន្នរបស់ពួកគេ និងស្វែងរកបរិក្ខារអនាម័យ និងទឹកស្អាតនៅផ្ទះសាលារៀន និងសហគមន៍របស់ពួកគេ ៕
ដោយ បៃ ស៊ីថុន