សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ មិនចង់ឃើញមានការបែងចែកណាមួយ និងមានសុឆន្ទៈខ្ពស់ ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា
AKP ភ្នំពេញ ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២២ -- សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ មិនចង់ឃើញមានការបែងចែកណាមួយ និងមានសុឆន្ទៈខ្ពស់ ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ប្រកបដោយបរិយាប័ន្ន។
ការថ្លែងបង្ហាញឆន្ទៈក្នុងការពង្រឹងសាមគ្គីភាពធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅទីស្ដីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២២មិថុនានេះ ដោយ សម្តេច ពិជ័យសេនា ទៀ បាញ់ លើកឡើងថា«នៅពេលយើងកំពុងសម្លឹងមើលទៅលើបញ្ហាប្រឈមដែលយើងកំពុងប្រទះ មានដូចជាបញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត អំពើភេរវកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត រួមជាមួយនឹងសន្តិសុខជាប្រពៃណីដែលមានស្រាប់មួយចំនួនទៀត វាពិតណាស់ថា បញ្ហាប្រឈមជាសកលទាំងនោះ ទាមទារឱ្យដំណោះស្រាយជាសកលផងដែរ»។
សម្តេចពិជ័យសេនា បានបន្តថា «គ្មានប្រទេសណាអាចដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបានទេ។ សព្វថ្ងៃនេះ យើងត្រូវការនិន្នាការពហុភាគីនិយម ដូចជាយន្តការអាស៊ាន និងសាមគ្គីភាពរវាងបណ្តាប្រទេសនានាជាដើម ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រួមគ្នា»។
សម្តេចពិជ័យសេនា ក៏បានលើកយក បញ្ហាតំបន់ដែលពិភពលោកកំពុងជួបប្រទះ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏បានជះឥទ្ធិពលដល់តំបន់របស់យើងផងដែរ ជាពិសេសទៅវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កិច្ចការសំខាន់បំផុតចំពោះមុខគឺជំរុញការចរចាដោយសន្តិវិធី ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្គ្រាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ សម្តេចពិជ័យសេនា ក៏បានរំលេចពីសម្រង់សំដីដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា “សង្គ្រាមមិនអាចប្រើប្រាស់ដើម្បីបញ្ចប់សង្គ្រាមបាននោះទេ” មានតែការចរចាផ្អែកលើមូលដ្ឋានឈ្នះ ឈ្នះ ទើបជាដំណោះស្រាយជាប់លាប់ ដើម្បីបញ្ចប់សង្គ្រាម។ ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីកៀបសង្កត់អ្នកណាម្នាក់ កម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ។ ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដទៃទៀត ក៏អាចទទួលផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា។ កម្ពុជាធ្លាប់ទទួលរងនូវទណ្ឌកម្មនិងការហ៊ុំព័ទ្ធ នៅក្នុងអតីតកាល ហើយមកទល់នឹងពេលនេះ ក៏នៅតែមានទណ្ឌកម្មនិងការកៀបសង្កត់ សម្រាប់កម្ពុជាទៀត។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាប្រាថ្នាចង់ឃើញដែនសមុទ្រនេះជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ យើងនឹងបន្តការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា រវាងអាស៊ាន និងចិន ដើម្បីជំរុញការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវ DOC និងពន្លឿនការចរចាក្រមប្រតិបត្តិ COC ដែលមានខ្លឹមសារ ប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ រួមមាន UNCLOS 1982 ផងដែរ។ ទន្ទឹមនឹងនេះ យើងក៏អំពាវនាវសារជាថ្មីទៀត ឱ្យមានការអត់ធ្មត់ និងជៀសវាងការប្រើប្រាស់កម្លាំងនៅក្នុងការដោះស្រាយបញ្ហា។
បញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមដែលធ្វើឱ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតល្មួតរបស់អាស៊ានដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់។ ចំណុចអាទិភាពនាពេលបច្ចុប្បន្នគឺការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន៥ចំនុចរបស់អាស៊ាន។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈខ្ពស់ នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួចមកហើយនោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយនាំយកប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ត្រឡប់មករកប្រក្រតីភាពវិញ ក៏ដូចជាពង្រឹងឯកភាព និងសាមគ្គីភាពអាស៊ាន ផងដែរ។
សម្ដេចពិជ័សេនា ទៀ បាញ់ បានគូសបញ្ជាក់ថា អាស៊ានត្រូវរួបរួមគ្នា រក្សាភាពរឹងមាំ និងភាពធន់របស់ខ្លួន នៅពេលដែលតំបន់ទាំងមូលកំពុងប្រឈមនឹងសម្ពាធ ដែលកើតចេញពីការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មសន្តិសុខបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតជាដើម។ ការអនុវត្តបាននូវការប្តេជ្ញាចិត្តនេះ នឹងជួយជំរុញដំណើរទៅមុខរួមគ្នាឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពប្រកបដោយចីរភាព។
ចាប់តាំងពីការកកើតមក កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូក (ADMM-Plus) បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពិគ្រោះយោបល់និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិខ្ពស់បំផុតនៅក្នុងតំបន់ ដោយមានគោលបំណងលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តទៅវិញទៅមក តាមរយៈតម្លាភាព និងការបើកចំហ។ កិច្ចប្រជុំនេះក៏ជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមដែលកំពុងកើតមាន ហើយវាក៏ផ្តល់នូវសារសំខាន់ ដើម្បីបន្តកិច្ចការងារដែលយើងបានធ្វើរួមគ្នាកន្លងមក ឱ្យកាន់តែរឹងមាំ ជាពិសេសនៅពេលយើងអាចជួបជុំគ្នាដោយផ្ទាល់ជាថ្មីបន្ទាប់ពីការអាក់ខាននូវការជួបជុំបែបនេះ អស់រយៈពេលជាងពីរឆ្នាំកន្លងមក៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ឡាញ់ វិសាល