មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អនុញ្ញាតឱ្យប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២--ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា (IMF) ចូលជួបពិភាក្សាការងារ កាលពីថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគម្រោងអាទិភាពនានារបស់ក្រសួង ពាក់ព័ន្ធជាមួយនឹងវិស័យផ្លូវទឹក ផ្លូវដែក ផ្លូវគោក កំពង់ផែ ផែនការភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរវាង ក្រសួងជាមួយនឹងដៃគូអភិវឌ្ឍន៍កន្លង រហូតមកដល់បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ភាគី IMF បានស្នើឱ្យក្រសួងចែករំលែកព័ត៌មាន និងបទពិសោធន៍ទាក់ទងនឹងការទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានោះដែរ ជំនួបពិភាក្សាក៏បានលើកឡើងផងដែរ អំពីដំណើរការរៀបចំផែនការប្រចាំឆ្នាំ ផែនការវិនិយោគបីឆ្នាំរំកិល ការរៀបចំផែនការចំណាយប្រចាំឆ្នាំ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងកិច្ចសហប្រតិបត្តិការជាមួយនឹងអន្តរក្រសួងផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្តោតជាសំខាន់លើការឈ្វេងយល់ អំពីព័ត៌មានទាក់ទងនឹងការទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងនីតិវិធីដំណើរការ នៅក្នុងការធ្វើការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានាលើវិស័យផ្សេងៗរបស់ក្រសួង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)