សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នា បន្តខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណា រួមគ្នាបន្តខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ ទប់ស្កាត់អតិផរណា និងត្រូវរក្សាឱ្យបាននូវកម្លាំងទិញនៃប្រាក់រៀលជាតិ ដើម្បីទប់ស្កាត់នឹងវិបត្តិសេដ្ឋកិច្ចសកល ដែលកើតចេញពីវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយនោះ។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២២ ដល់និស្សិតសាលាភូមិន្ទរដ្ឋបាលជាង២០០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ត្រូវត្រៀមខ្លួនទទួលយកការពិត នូវបញ្ហាសេដ្ឋកិច្ចថមថយ ផ្តើមចេញពីកូវីដ-១៩ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដូច្នេះរួបរួមគ្នារក្សា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញនៃប្រាក់រៀលឱ្យបានល្អ»។ សម្ដេចតេជោថ្លែងបន្ដថា សេដ្ឋកិច្ចកម្ពុជា កំពុងតែរើបឡើងវិញ បន្ទាប់ពីកូវីដ-១៩ ប៉ុន្ដែមិននឹកស្មានថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្ដើមដាក់បន្ទុក ទៅលើប្រទេសនានា ក្នុងពិភពលោក។
សម្ដេចតេជោគូសបញ្ជាក់ថា «យើងត្រូវត្រៀម ខ្លួនទទួលយកនូវការពិតមួយ ស្តីពីបញ្ហាសេដ្ឋកិច្ចថមថយ ផ្តើមចេញពីកូវីដផង និងផ្ដើមចេញសង្គ្រាម នៅអ៊ុយក្រែនផង ។ រឿងនេះ គឺជារឿងដែលត្រូវរួមគ្នាខិតខំ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល»។ សម្ដេចតេជោបន្ដថា ចំពោះបញ្ហាសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននេះ តាមការវាយតម្លៃ របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង មូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF) មានភាពខុសៗគ្នា ប៉ុន្ដែសម្ដេច ក៏បានប្រាប់សហការីថា «កុំខ្វល់ រឿងបញ្ហាវាយតម្លៃ សំខាន់បំផុត យើងធ្វើបានប៉ុន្មានពិតប្រាកដ»។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ការខិតខំរបស់កម្ពុជា ដើម្បីរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល គឺត្រូវតែបន្ដទៀត ពិសេសបន្ដរក្សា សន្សំសំចៃឱ្យបានខ្ពស់ ដើម្បីទប់ទល់ជាមួយសភាពការណ៍ ដែលបានកំពុងកើត។ សម្ដេចតេជោបានថ្លែងទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជា មិនទាន់ដល់ហានិភ័យ នៃការដួលរលំនោះទេ ដោយក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញទៅក្រៅប្រទេស កើនឡើង៣ភាគរយ។ ដោយឡែក វិស័យកសិកម្ម ស្រូវ ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ នៅកម្ពុជានៅមាន។ សម្ដេចតេជោថ្លែងបន្ថែមថា វិបត្តិស្បៀង នឹងក្លាយជាវិបត្តិសកលតែម្ដង ក្រោយពីសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងកើតមានឡើង។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញឱ្យមានការសន្សំសំចៃនូវចំណូលថវិកាជាតិ ដើម្បីត្រៀមទុកជាមុននូវសភាពការណ៍ ឬវិបត្តិផ្សេងៗ ដែលអាចកើតមានឡើង មិនអាចវាយតម្លៃដឹងមុន។
គួរបញ្ជាក់ដែរថា ធនាគារពិភពលោកទើបចេញផ្សាយរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជាថា នៅឆ្នាំ២០២២នេះនឹងមានកំណើន ៤,៥ភាគរយ និងឆ្នាំ២០២៣ កើនត្រឹម៥,៨ភាគរយ ខណៈរាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចនឹងកើតឡើង៥,២ភាគរយ សម្រាប់ឆ្នាំ២០២២។ សម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិញ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង៥,៣ភាគរយ ក្នុងឆ្នាំនេះ និង៦,៥ភាគរយ ក្នុងឆ្នាំ២០២៣ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ រំពឹងថាកើនឡើងរង្វង់ ៥,១ភាគរយ និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា ៦,២ភាគរយ៕
ដោយ ជឹម ណារី