សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញក្នុងចន្លោះ ៥.៦ភាគរយ ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម ៦.៥ភាគរយ ក្នុងឆ្នាំ២០២៣
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ -- សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញក្នុងចន្លោះ ៥.៦ភាគរយ ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម៦.៥ភាគរយ ក្នុងឆ្នាំ២០២៣ ខណៈដែលកម្ពុជាបាន និងកំពុងធ្វើការចរចាបន្ថែមទៅលើកំណែទម្រង់កសិកម្ម និងការចូលរួមយ៉ាងសកម្មជាមួយ សមាជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការ WTO ព្រមទាំងការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។
ការបញ្ជាក់បែបនេះ ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោកនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
ជាមួយគ្នានោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើក ឡើងដែរថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ ពិភពលោកបាន និងកំពុងប្រឈមនឹង បញ្ហាសកលរួមទាំងវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជាក៏ដូចប្រទេសនានាជុំវិញពិភពលោកផងដែរ។ យ៉ាងណាមិញ ដោយមានយន្តការឆ្លើយតបជាបន្តបន្ទាប់ និងការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាមួយនឹងទស្សនៈវិស័យជាយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំងជូនប្រជាជន ជាមធ្យោបាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ កម្ពុជាអាចគ្រប់គ្រងបានស្ថានការណ៍ទាំងស្រុង និងធានាការការពារអាយុជីវិតរបស់ប្រជា ពលរដ្ឋ ឱ្យបានដូចស្ថានដើមវិញ។
ឯកឧត្តមបានបន្តថា អត្រាការចាក់វ៉ាក់សាំងរបស់កម្ពុជា គឺស្ថិតក្នុងចំណោមប្រទេស ដែលមានការចាក់វ៉ាក់ខ្ពស់បំផុតក្នុងពិភពលោក ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាអាច បើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងដោយពេញលេញតាំងពីខែកុម្ភៈឆ្នាំនេះ។ លើសពីនេះ ជាមួយនឹងវឌ្ឍនភាពជាវិជ្ជមានទាំងនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថា នឹងមាន កំណើនឡើងវិញក្នុងចន្លោះ ៥.៦ភាគរយ ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម ៦.៥ភាគរយ ក្នុងឆ្នាំ២០២៣។
ឯកឧត្តមក៏បានលើកឡើងពីបញ្ហា ដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងជួបនឹងវិបត្តិ ហើយការមិនទទួលបានលទ្ធផលពីសន្និសីទថ្នាក់រដ្ឋមន្ត្រីមុនៗ បានចោទជាសំណួរចំពោះ ប្រសិទ្ធភាពនៃអង្គការ WTO។ កម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច តែងតែគាំទ្រ និងផ្តល់តម្លៃខ្ពស់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ទន្ទឹមនឹងនេះ ឯកឧត្តមថា កម្ពុជាចង់ឱ្យ MC12 នេះ ប្រកបទៅដោយរលូន និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសមាជិកគួរប្រើសន្និសីទនេះ ជួយពង្រឹងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើននូវនៃបញ្ហាការសម្រេចចិត្ត ដោយឯកតោភាគី និងបញ្ហាដែលប្រទេសតូចត្រូវបានដាក់ឱ្យនៅដោយឡែក។
ឯកឧត្តមបញ្ជាក់ថា លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នឹងក្លាយជាលទ្ធផលដ៏សំខាន់បំផុតសម្រាប់អង្គការ WTO ដែលបញ្ហានេះគឺបានអូស បន្លាយពេលជាង២០ឆ្នាំមកហើយ។ ក្នុងនោះផងដែរ កម្ពុជាក៏ចង់ឃើញនូវការសម្រេចបន្ថែម លើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជានឹងចូលរួមយ៉ាងសកម្មជាមួយ សមាជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការWTO ព្រមទាំង ការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។
ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ ចំពោះប្រព័ន្ធ ពាណិជ្ជកម្មពហុភាគីដោយយកមូលដ្ឋានច្បាប់ជាចម្បង។ សមាជិកទាំងអស់ត្រូវធានាថា អង្គការ WTO នៅតែសកម្មតាមរយៈការធ្វើកំណែទម្រង់ មានតម្លាភាព និងជាវេទិកា ប្រកបដោយបរិយាបន្នដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាចំណែក មួយក្នុងការសម្រេចចិត្ត និងបានលើកឡើងពីបញ្ហារបស់ខ្លួនដោយផ្ទាល់។ ក្នុងសន្និសីទ MC12 នេះ កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធ្វើការងារជាមួយសមាជិកផ្សេងទៀត ដើម្បីសម្រេចបាននូវលទ្ធផលនិងអត្ថប្រយោជន៍ជាអតិបរមាសម្រាប់សមាជិកទាំងអស់៕
ដោយ ម៉ៅ ចរិយា