ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើឱ្យវិស័យឯកជនជប៉ុន ជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ជប៉ុន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២--ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តម Katsuhiro SHINOHARA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីឈ្វេងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ កាលពីថ្ងៃ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យឯកឧត្តមអតីតឯកអគ្គរាជទូត ក៏ដូចជាវិស័យឯកជនជប៉ុន ជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ជប៉ុន ដូចដែលបានលើកឡើងនៅក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ច នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីសម្រួលដល់ធុរជន និងបានស្នើឱ្យក្រុមហ៊ុន FORVAL ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមអតីតឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន បានគូសបញ្ជាក់អំពីគោលបំណងជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀរគរវិនិយោគិនជប៉ុន មកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។
ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្ម ភាពធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)