ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃ២០ដល់២៦មេសាអាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២--សូមមានការប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី២០ដល់២៦ខែមេសា ឆ្នាំ២០២២។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង។
យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២០-២៦ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងអំឡុង សប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ប៉ាស៊ីហ្វិ ក ) និងកម្រិតសម្ពាធទាបខ្សោយ ។
សេចក្តីជូនដំណឹងរបស់ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្ហូរផងដែរ ។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ ។
ក្រសួងបានបន្តថា អាស្រ័យដោយស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជន ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ៕
ដោយអ៊ាង ប៊ុនរិទ្ធ