អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ -- លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មរបស់លោកជំទាវនៅកម្ពុជា។ ការលើកឡើងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះ ក្នុងឱកាសជួបសម្ដែងការគួរសម និងជម្រាបលាជាមួយឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងខណៈដែលលោកជំទាវបញ្ចប់អាណត្តិបេសកកម្មរយៈពេល ០៤ឆ្នាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ នេះបើតាមការបញ្ជាក់តាមរយៈផេកហ្វេកប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។
ក្នុងឱកាសនោះ លោកជំទាវ Pauline Tamesis បានសម្តែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យកម្ពុជាមានការប្រែប្រួលមុខមាត់ខ្លាំង ដែលលោកជំទាវបានមើលឃើញយ៉ាងច្បាស់ក្នុងអាណត្តិបេសកកម្មរបស់លោកជំទាវនៅកម្ពុជា។ លោកជំទាវបានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនកម្ពុជា ក្រោមការងារសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន។ ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងបន្តកៀរគរធនធានគាំទ្រដល់គោលដៅរបស់កម្ពុជារហូតដល់ឆ្នាំ២០២៥។
លោកជំទាវបានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យដឹកនាំយ៉ាងច្បាស់លាស់ ដោយបានដាក់បញ្ចូលការងារសកម្មភាពមីនក្នុងគោលដៅទី១៨ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍន៍ជាតិ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់លោកជំទាវ Pauline Tamesis ដែលបានផ្តល់នូវភាពជាមិត្ត ជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារបោសសម្អាតមីន ក្នុងអាណត្តិបេសកកម្មរបស់លោកជំទាវ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានអះអាងថា ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់លោកជំទាវអ្នកសម្របសម្រួល UN ប្រចាំនៅកម្ពុជា តាំងពីឆ្នាំ២០១៨ លោកជំទាវបានចូលរួមគាំទ្រដល់ការរៀបចំសន្និបាតជាតិសកម្មភាពមីន និងចូលរួមដល់ការរៀនបចំនិងកសាងនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕
ដោយ រិទ្ធី