ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ យុវជនជាចលករយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ
AKP កណ្ដាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២--សមាជិកបក្សដែលជាយុវជនទើបចូលថ្មី ត្រូវជួយអប់រំ និងបំផុសចលនាដល់យុវជនដទៃទៀត ឱ្យមានស្មារតីស្នេហាជាតិខ្ពស់ គោរព ស្រឡាញ់ប្រជាជន រួមសាមគ្គីគ្នាដើម្បីចូលរួមថែរក្សា និងការពារសន្តិភាព និងការអភិវឌ្ឍ ដែលយុវជនជំនាន់មុន បានខិតខំប្រឹងប្រែងតស៊ូ ស្វែងរកដោយលំបាក និងបានបូជាអាយុជីវិតរបស់ខ្លួន។នេះជាការក្រើនរំឭករបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន ៧៧៥នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃទី១៩ខែមីនាឆ្នាំ២០២២នេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា គណបក្សប្រជាជនកម្ពុជា មានយុវជនយ៉ាងច្រើនលើសលប់នៅក្នុងស្រុកល្វាឯមនេះ និងនិយាយដោយឡែកសម្រាប់យុវជនទូទាំងប្រទេស គឺបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយគោរពតាមគោលការណ៍ស្ម័គ្រចិត្ត និងជឿជាក់ឥតងាករេ ចំពោះការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបន្ទុកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅអនាគត ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ពិតណាស់គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលចាស់ទុំជាងគេ និងរឹងមាំជាងគេ ដែលកើតឡើងដោយសារប្រជាជន ដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ដោយសមាជិកបក្សថ្មីរបស់យើងនាថ្ងៃនេះភាគច្រើនជាយុវជន ដែលខ្លះអាចមិនទាន់បានយល់ដឹងជ្រួតជ្រាប អំពីសាវតា និងបុព្វហេតុរបស់គណបក្សនៅឡើយ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវមហាសមិទ្ធផលមួយទៀត គឺការបញ្ចប់សង្គ្រាមទាំងស្រុង និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, ដែលសម្តេចគឺជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម នៃយើងទាំងអស់គ្នា ដែលបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជាការពិតមិនអាចប្រកែកបាន, អ្វីដែលគណបក្សបាននិងកំពុងធ្វើ គឺដើម្បីសម្រេចឱ្យបាននូវបុព្វហេតុចំនួន ២ គឺ៖ សន្ដិភាព និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាត្រូវតែធានាការពារឱ្យបានជាដាច់ខាត ។ដូច្នេះ សមាជិកបក្សទើបចូលថ្មីនេះ ដែលភាគច្រើនជាយុវជន ត្រូវយល់ដឹងឱ្យបានច្បាស់អំពីចំណុចនេះ និងត្រូវជួយអប់រំ និងបំផុសយុវជនដទៃទៀតឱ្យមានស្មារតីស្នេហាជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជន រួមសាមគ្គីគ្នាដើម្បីចូលរួមថែរក្សា និងការពារសន្តិភាព និងការអភិវឌ្ឍជាដើម។
ចំណែកការងារពាក់ព័ន្ធការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្តម ប្រធានក្រុមការងារ, បានជំរុញឱ្យរៀបចំក្រុមយុទ្ធនាការបោះឆ្នោតថ្នាក់ឃុំ និងបែងចែកក្រុមយុទ្ធនាការ ចុះតាមភូមិ គ្រួសារបក្ស និងខ្នងផ្ទះបក្ស ដើម្បីស្វែងយល់ពីឯកសារបោះឆ្នោត ពិសេសអត្តសញ្ញាណប័ណ្ណ និងថែបំប៉នសតិអារម្មណ៍ សមាជិកបក្ស រួមទាំងក្តាប់នូវរាល់បញ្ហាប្រឈម និងសតិអារម្មណ៍ថ្នាំងថ្នាក់ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា ក្រៅពីនេះត្រូវពង្រឹងការអប់រំនយោបាយ និងសតិអារម្មណ៍ក្នុងជួរបេក្ខជនពេញសិទ្ធិ និងបម្រុង ឱ្យមានសាមគ្គីភាព ទូលាយ និងធ្វើសកម្មភាពផ្សាភ្ជាប់សុខទុក្ខជាមួយមហាជន និងប្រជាពលរដ្ឋ ដើម្បីទាក់ទាញសមានចិត្តបណ្ដើរៗ និងត្រូវចេះឃោសនាប្រតិកម្មតបរហ័សចំពោះការឃោសនា អកុសលទាំងឡាយដែលវាយប្រហារមកលើគណបក្ស និងបេក្ខជនគណបក្សយើង ត្រួតពិនិត្យអំពីឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសមាជិកគណបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងណែនាំរក្សាទុកដាក់ឱ្យបានគត់មត់ បន្តពង្រឹងការគ្រប់គ្រង និងការពង្រីកសមាជិកបក្សតាមគោលការណ៍ រក្សាចាស់ ពង្រីកថ្មី និងបន្តធ្វើសកម្មភាពចិញ្ចឹមចលនានៅមូលដ្ឋាន តាមរយៈការការពារសុខភាពសាធារណៈ ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់វិធានការ៣ការពារ និង៣ កុំជាដើម។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់ថវិកាឧបត្ថម្ភដល់អ្នកចូលរួមសរុបទាំងអស់ ៧៧៥ នាក់, ម្នាក់ៗថវិកា២ម៉ឺនរៀល, ឧបត្ថម្ភការរៀបចំពិធី និងការចំណាយពាក់ព័ន្ធផ្សេងៗ៨លានរៀល និងឧបត្ថម្ភគណបក្សស្រុកចំនួន២លានរៀល៕
ដោយ៖ គង់ សិរីរ័ត្ន