រដ្ឋមន្ត្រីក្រសួងអប់រំ ប្រកាសឱ្យបេក្ខជនប្រឡងជាប់ ទៅយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ -- រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឱ្យប្រធានមន្ទីអប់រំរាជធានី-ខេត្ត ទៅយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡង ២៧ ធ្នូ ឆ្នាំ២០២១ ដើម្បីចែកជូនបេក្ខជនដែលប្រឡងជាប់ ចាប់ពីថ្ងៃ១៤ ខែកុម្ភៈនេះតទៅ។
យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានចេញផ្សាយនៅថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា «ខ្ញុំសូមជម្រាបជូន លោក លោកស្រី ប្រធានមន្ទីអប់រំរាជធានី-ខេត្ត ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផលិតវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់ សម្រាប់ចែកជូនបេក្ខជនដែលបាន ប្រឡងជាប់ដោយ ឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាម ច្បាប់អនុញ្ញាត»។
ឯកឧត្តមបានស្នើឱ្យ លោក លោកស្រី ប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មក ជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមកទទួលយក វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនទើបប្រឡងជាប់ដើម្បីរៀបចំយន្តការចែក វិញ្ញាបនបត្របណ្ដោះអាសន្ន និងធ្វើសេចក្តីជូនដំណឹងលម្អិតបន្ថែម សំដៅអនុវត្តខ្លឹមសារ លិខិតនេះប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ រាល់បាតុភាពទាំងឡាយណាដែលកើតចេ ញពីការចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យម សិក្សាទុតិយភូមិ នេះ គឺជាការទទួលខុស ត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល ប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លទ្ធផលបានបង្ហាញថា មានបេក្ខជនជាប់ជាស្ថាពរចំនួន ៧២០១៦នាក់ ដែលស្មើនឹង ៦៥,៦៥ភាគរយ។ ក្នុងចំណោមបេក្ខជនដែលជាប់ជាង ៧ម៉ឺននាក់នោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣នាក់, និទ្ទេស B មានចំនួន ៥២១៥នាក់, និទ្ទេស C មានចំនួន ១១ ៦៣៤នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ និង និទ្ទេស E មានចំនួន ២៩ ៩១៥នាក់។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ ក្នុងចំណោមបេក្ខជនជាប់និទ្ទេស A ទាំង ១៧៥៣នាក់ បេក្ខជននៅរាជធានីភ្នំពេញ ចំនួន ៥៦៥នាក់, សៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់, ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង ០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានបេក្ខជន ដាក់ពាក្យប្រឡងសរុបចំនួន ១១៤ ១៨៥នាក់ ក្នុងនោះ ១០៤ ២៩៩នាក់ ជាបេក្ខជន ចំណេះ ទូទៅ, ៤ ៤១៧នាក់ជា បេក្ខជនស្វៃរិន, ៣៤៣៦នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២០៣៥នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា៕
ដោយ អ៊ាង ប៊ុនរិទ្ធ