ក្រសួងបរិស្ថាន ពិនិត្យវាយតម្លៃហេតុប៉ះពាល់បរិស្ថានគ ម្រោងសាងសង់ប្រព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២--នៅទីស្តីការក្រសួងនារសៀលថ្ងៃ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ជាសហ ប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ពេញលេញ (ESIA) សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ។
ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោងសាងសង់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលឆ្លងកាត់ដែនសមុទ្រកម្ពុជាមានប្រវែង ៣២៣,៥គីឡូម៉ែត្រ រួមទាំងស្ថានីយខ្សែកាបអុបទិក ស្ថិតនៅក្នុង ភូមិសាស្រ្ត ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ម្ចាស់គម្រោង) និងការរចនាគម្រោង និង សាងសង់ដោយក្រុមហ៊ុន CRCC Harbour & Channel Engineering Bureau Group Co., Ltd. ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) ដោយ ក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd.។
ប្រភពខាងលើបន្តថា លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖ ១. អង្គប្រជុំសូមគាំទ្រគម្រោងសាងសង់ប្រព័ន្ធខ្សែកាបអុបទិកនេះ ។ ២. ក្រុមហ៊ុនត្រូវធ្វើការកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាបអុបទិកនេះ ចៀសវាងប៉ះពាល់ជីវចម្រុះសមុទ្រ ។ ៣. ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រឹង និង សំណល់រាវ ឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ។ ៤. ក្រុមហ៊ុនត្រូវសិក្សាឱ្យបានច្បាស់លាល់ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោង ក្នុងករណីពេលជីកកប់ខ្សែកាបអុបទិកប៉ះពាល់ផ្កាថ្ម ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពសាងសង់ ហើយធ្វើការបញ្ចៀស ដើម្បីកាត់បន្ថយការប៉ះពាល់ផ្កាថ្មទាំងអស់នេះ ។ ៥. ស្នើឱ្យក្រុមហ៊ុនម្ចាស់គម្រោងសហការជាមួយ ក្រុមហ៊ុនទីប្រឹក្សាបញ្ចូលនូវមតិយោ បល់វិជ្ជមានរបស់អង្គប្រជុំ ទៅក្នុងរបាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងសាធារណការនិងដឹកជញ្ជូន,ក្រសួងទេសចរណ៍, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែនិងថាមពល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរបរិស្ថានខេត្តព្រះសីហនុ,នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, ម្ចាស់គម្រោងក្រុមហ៊ុនសាងសង់, និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ៕
ដោយ ពេជ្រ ណារិទ្ធ