ឯកសារចំនួន០៦ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ — បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពីធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជួបពិភាក្សាទ្វេភាគី និងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ០៦ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកសារទាំងនោះរួមមាន ទី១- លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ និង ឯកឧត្ដម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ទី២- កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម វូ ជាំងហាវ (Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៣- លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្ដម ឈាន ខឹមីង (Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៤- កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ១ ៧៥០ ០០០ ០០០ យ័នចិន (ប្រមាណ ២៧០លានដុល្លារអាម៉េរិក) ចុះហត្ថលេខាដោយ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម តេង ប៉ូឈីង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការអន្តរជាតិ។ ទី៥- លិខិតប្រគល់-ទទួល ថវិកាចំនួន ២,៥លានដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្ដម វង្សី វិស្សុត និងឯកឧត្ដម តេង ប៉ូឈីង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការអន្តរជាតិ និងទី៦- កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេស មេគង្គ-ឡានឆាង ចុះហត្ថលេខាដោយ ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕

ដោយ ជឹម ណារី






