ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យស្តង់ដារប្រតិបត្ត (SOP) ត្រៀមបើកសាលាសាកល្បង ឡើងវិញនៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១--ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបា លខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍៥កើតខែភទ្របទឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១បានអញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP)ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបើកឱ្យដំណើរការសាកល្បងឡើងវិញនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ខាងមុខ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀននិងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុបានជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អបើកដំណើរការសាកល្បងបង្រៀននិងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩និងថ្នាក់ទី១២ ចំនួន៥សាលានៅតាមក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងខេត្ត។

ការជ្រើសរើសបើកដំណើរការសាកល្បងសាលាមានដូចជា ១. វិទ្យាល័យ កែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យ ទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យ ស្ទឹងសំរោង នៅស្រុកកំពង់សីលា ៥. អនុវិទ្យាល័យ ព្រែកស្វាយ នៅក្រុងកោះរ៉ុង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់លោកនាយកសាលាត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ អាល់កុល ឬជែល មានកន្លែង លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម នៅពេលចេញលេង កុំឱ្យសិស្សចេញពេលស្របគ្នា ត្រូវមានថ្នាក់មួយចេញ និងថ្នាក់ផ្សេងទៀតអត់ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា លោកគ្រូ អ្នកគ្រូ ត្រូវមកមុនសិស្ស ដើម្បីមើលការងារដោយទំនួលខុសត្រូវ មិនអាចឱ្យសិស្សមកមុនគ្រូនោះទេ។ បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានឱ្យលោកអភិបាលស្រុករកជាងមកធ្វើការជួសជុលដំបូលអគារសាលារៀនឡើងវិញដែលរងការខូចខាត៕
ដោយ ងូ សុមុនី






